ខេត្តស្វាយរៀង៖ ក្រុមក្មេងទំនើងមួយក្រុមដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូអ្នកធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន០៤នាក់ និងបញ្ជូនទៅតុលារដើម្បីចាត់ការតាមច្បាប់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានក្មេងទំនើង០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ០១គ្រឿង(លួចមានស្ថានទម្ងន់ទោស) រួចនាំគ្នាជិះគេចខ្លួនបាត់។

តាមប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ៣គ្រឿង (ម៉ូតូធ្វើសកម្មភាព២គ្រឿង ម៉ូតូជនរងគ្រោះ០១គ្រឿង) និងកាំបិត៣ដើម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ លោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៦ នេះរួចហើយ។

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន
កែសម្រួលដោយ ធីតា
