ប្រធានាធិបតីមីយ៉ាន់ម៉ាលែងទោសអ្នកទោសជាង ៤ពាន់នាក់ ក្នុងរយៈពេល ៦ខែ

ប្រធានាធិបតីមីយ៉ាន់ម៉ាលែងទោសអ្នកទោសជាង ៤ពាន់នាក់ ក្នុងរយៈពេល ៦ខែ

ប្រធានាធិបតីមីយ៉ាន់ម៉ា

ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានអនុម័តការលើកលែងទោសដល់អ្នកជាប់ឃុំចំនួន ៤,៣៣៥ នាក់ ដែលជាការសម្រេចលើកទីបីក្នុងរយៈពេល ៦ខែកន្លងមក។

យោងតាមទូរទស្សន៍រដ្ឋ MRTV ដែលរាយការណ៍នៅថ្ងៃសុក្រ និងចុះផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងចំណោមអ្នកទោសទាំងនេះ មានជនបរទេសចំនួន ១៧៩ នាក់នឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ា។

ការលើកលែងទោសចំពោះអ្នកជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ាជាធម្មតាធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរទិវាឯករាជ្យរបស់ខ្លួននៅខែមករា និងថ្ងៃចូលឆ្នាំថ្មីក្នុងខែមេសា។

ការលើកលែងទោស

ការរាយការណ៍ខាងលើក៏បានលើកឡើងពីការបន្ថយទោសប្រហារជីវិតមកត្រឹមជាប់ទោសអស់មួយជីវិត ការជាប់ពន្ធនាគារអស់មួយជីវិតមកត្រឹម ៤០ ឆ្នាំ និងការកាត់បន្ថយទោសមួយភាគ៦សម្រាប់អ្នកទោសផ្សេងទៀត។

ចំណែកសមាគមជំនួយអ្នកទោសនយោបាយដែលជាក្រុមសិទ្ធិមនុស្សនិយាយថា៖ «មនុស្សជាង ៣០,០០០ នាក់ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ខាងនយោបាយ ចាប់តាំងពីការដឹកនាំដោយអតីតរបបយោធាមីយ៉ាន់ម៉ា ដែលមានលោក Min Aung Hlaing ជាអ្នកដឹកនាំ ធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ២០២១មក»។

គួរបញ្ជាក់ថា អតីតរបបយោធាមីយ៉ាន់ម៉ានិយាយកាលពីខែវិច្ឆិកាថា ខ្លួននឹងលើកលែងទោសឬទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងមនុស្ស ៨,៦៦៥នាក់ ចំណែកកាលពីខែមករប្រកាសថា អ្នកទោសជាង ៦,០០០នាក់នឹងត្រូវបានដោះលែងក្នុងឱកាសបុណ្យឯករាជ្យជាតិ៕

administrator

Related Articles