បទឈប់បាញ់១០ថ្ងៃរវាងអ៊ីស្រាអែល-លីបង់ ត្រូវរំលោភដោយភាគីទាំងពីរ

បទឈប់បាញ់១០ថ្ងៃរវាងអ៊ីស្រាអែល-លីបង់ ត្រូវរំលោភដោយភាគីទាំងពីរ

ទោះបីជាអ៊ីស្រាអែល និងលីបង់ បានយល់ព្រមឈប់បាញ់រយៈពេល១០ថ្ងៃក៏ដោយ ក៏នៅតែមានការចោទប្រកាន់គ្នាពីការរំលោភបទឈប់បាញ់នេះ។ ភាគីទាំងពីរបន្តចោទគ្នាទៅវិញទៅមក ដោយអ៊ីស្រាអែលអះអាងថា ក្រុមហេសបូឡានៅតែបន្តវាយប្រហារ ខណៈលីបង់ប្រកាសថា អ៊ីស្រាអែលនៅតែបាញ់ផ្លោងលើតំបន់លំនៅដ្ឋាន។

ជម្លោះអ៊ីស្រាអែល-លីបង់

តាមការផ្សាយរបស់ Bernama កងទ័ពលីបង់បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ថា អ៊ីស្រាអែលរំលោភបទឈប់បាញ់ ដោយបាញ់ផ្លោងលើភូមិមួយចំនួននៅភាគខាងត្បូង។ ទន្ទឹមនោះ អ៊ីស្រាអែលចោទថា ក្រុមហេសបូឡានៅតែបន្តបាញ់ចូលភាគខាងជើងប្រទេសរបស់ខ្លួនឥតឈប់។

បទឈប់បាញ់រយៈពេល១០ថ្ងៃនេះ បានចូលជាធរមាននៅម៉ោង៤ព្រឹក ថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល។

ក្រុមហេសបូឡាបានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែលត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង «តំបន់សន្តិសុខ» ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles