
សហរដ្ឋអាមេរិកបានជូនដំណឹងទៅកាន់បណ្តាប្រទេសអឺរ៉ុបថា ការដឹកជញ្ជូនអាវុធដែលបានចុះកិច្ចសន្យាពីមុនមក នឹងត្រូវពន្យារពេលដោយសារតម្រូវការប្រើប្រាស់ស្តុកអាវុធទាំងនោះសម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយប្រភពចំនួន៥ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
ប្រភពដែលមិនបញ្ចេញឈ្មោះបានលើកឡើងថា ប្រទេសអឺរ៉ុបជាច្រើននឹងទទួលរងផលប៉ះពាល់ពីការពន្យារពេលនេះ រួមមានប្រទេសនៅតំបន់បាល់ទិក និងស្កែនឌីណាវី។

ប្រភពបានបន្ថែមថា៖ «អាវុធមួយចំនួនដែលត្រូវបានពិភាក្សា និងទិញដោយបណ្តាប្រទេសនៅអឺរ៉ុបក្រោមកម្មវិធីលក់អាវុធយោធាបរទេស (FMS) មិនទាន់ត្រូវបានដឹកជញ្ជូននៅឡើយទេ»។
ការដឹកជញ្ជូនទាំងនេះទំនងជានឹងត្រូវពន្យារពេល នេះបើយោងតាមមន្ត្រីអាមេរិកដែលបានប្រាប់មន្ត្រីអឺរ៉ុបក្នុងសារទ្វេភាគីថ្មីៗនេះ។ ទោះជាយ៉ាងណា មន្ទីរបញ្ចកោណមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីបញ្ហានេះនៅឡើយទេ។

ការពន្យារពេលនេះបានគូសបញ្ជាក់ពីកម្រិតខ្ពស់មួយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបន្តប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានពង្រីកការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់។
មន្ត្រីអឺរ៉ុបបានត្អូញត្អែរថា ការពន្យារពេលផ្គត់ផ្គង់អាវុធរបស់អាមេរិក កំពុងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពលំបាក។ ការដឹកជញ្ជូនអាវុធជាច្រើនត្រូវបានពន្យារពេល នាំឱ្យមន្ត្រីនៅអឺរ៉ុបមួយចំនួនសម្តែងការខកចិត្ត ហើយពួកគេក៏កំពុងសម្លឹងមើលប្រព័ន្ធអាវុធដែលផលិតក្នុងទ្វីបអឺរ៉ុបកាន់តែខ្លាំងឡើង។
មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា អាវុធទាំងនោះគឺត្រូវការសម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា ហើយបន្ទោសប្រទេសនៅអឺរ៉ុបថាមិនបានជួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកច្រកសមុទ្រ Hormuz ឡើងវិញទៀតផង។
