
ទីផ្សារប្រេងអន្តរជាតិបន្តប្រែប្រួលខ្លាំងនៅថ្ងៃសុក្រ ដោយតម្លៃប្រេងធ្លាក់ចុះមកក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារសុទិដ្ឋិនិយមថាជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចជិតដល់ទីបញ្ចប់។
តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១,៣៤ ដុល្លារ ឬ ១,៣៥% មកនៅត្រឹម ៩៨,០៥ ដុល្លារ/បារ៉ែល នៅពេលជិតម៉ោង ៨:៣០ នៅទីក្រុងហុងកុង។ ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI បានធ្លាក់ចុះ ១,៦៥ ដុល្លារ ឬ ១,៧៤% មកត្រឹម ៩៣,៤០ ដុល្លារ/បារ៉ែល។

កត្តាចម្បងដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះគឺបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាន។ លើសពីនេះ ប្រធានាធិបតីដូណាល់ ត្រាំបានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងជួបគ្នាដើម្បីចរចានៅចុងសប្តាហ៍នេះ។
លោកត្រាំបាននិយាយថា អ៊ីរ៉ង់បានស្នើមិនធ្វើកម្មវិធីនុយក្លេអ៊ែររយៈពេលជាង ២០ ឆ្នាំ ដែលជាសញ្ញានៃភាពស្រាកស្រាន្តជម្លោះដ៏សំខាន់។ ការធ្លាក់ចុះនេះកើតឡើងក្រោយពីតម្លៃប្រេងបានកើនឡើងប្រមាណជាង ៥០% កាលពីខែមីនា ដោយសារតែការបិទច្រកសមុទ្រហ័រមូហ្ស។

ទោះជាយ៉ាងណា អ្នកវិនិយោគនៅតែប្រុងប្រយ័ត្នចំពោះភាពស្រពេចស្រពិលនៃទីផ្សារ ដោយពួកគេខ្លាចថា ភាពស្រាកស្រាន្តនៃជម្លោះអាចគ្រាន់តែបណ្ដោះអាសន្ន ដែលធ្វើឱ្យហានិភ័យលើការផ្គត់ផ្គង់ប្រេងនៅតែខ្ពស់។
