ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានចូលរួមពិធីដង្ហែព្រះពុទ្ធប្បដិមាពីវត្តឧណ្ណាលោមមកគង់លើបុសប្បុក និងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា បន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន។ ពិធីនេះត្រូវបានចាត់ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។
ពាក់ព័ន្ធការស្រង់ព្រះនេះលោកតាអាចារ្យគណៈកម្មការរៀបចំបានឱ្យដឹងថា៖ ទឹកមន្តសម្រាប់ស្រង់ព្រះនេះបាននាំយកមកពីភ្នំកូលេនដែលជាភ្នំដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ក្រោយធ្វើកិច្ចរួចហើយយកមកស្រង់ព្រះដែលគង់លើបស្បុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ពុទ្ធបរិស័ទ ដែលធ្វើបុណ្យនិងស្រង់ព្រះនៅក្នុងទីវត្តអារាម ពេលត្រឡប់ទៅផ្ទះវិញ ក៏អាចធ្វើពិធីស្រង់ព្រះនេះនៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ គឺឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យនៅក្នុងផ្ទះ។
នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត»រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។
ការចូលរួមពីមហាជនប្រពលរដ្ឋពិសេស យវជនដ៏ច្រើនលើសលប់ខុសពីគម្រោងគ្រោងអ្នកចូលរួមជាង២០០០នាក់តែនេះលើសដល់រាប់ពាន់នាក់បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅវត្តភ្នំនេះ។
ខណៈអាជ្ញាធរភ្នំពេញ ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺរៀបចំជូនដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរដែនដីរបស់យើង៕
ដោយ៖ សំរិត
