ភ្នំពេញ – សកម្មភាពឈ្លានពានប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងវត្តអារាមជាច្រើន។ ស្ថានភាពនេះបានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបងត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន។

លោកបណ្ឌិត កៅ មុយ ថង អ្នកវិភាគសង្គម បានថ្លែងថា៖ «ក្នុងគ្រាដ៏សែនលំបាកនេះ យើងបានឃើញយ៉ាងច្បាស់ពីមិត្តពិតប្រាកដដែលតែងតែនៅក្បែរ និងអាចពឹងពាក់គ្នាបានជានិច្ច ក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបអាសន្ន»។
ក្នុងនាមជា «មិត្តដែកថែប» ប្រទេសចិនបានឈានមុខគេដំបូងបង្អស់ក្នុងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកដល់កម្ពុជា។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះសួរសុខទុក្ខជាបន្តបន្ទាប់រហូតដល់បីដង ដោយពាំនាំអំណោយ សម្ភារៈប្រើប្រាស់ និងថវិកាសង្គ្រោះបន្ទាន់ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ដៃ។

លោកបន្តថា៖ «លើសពីការផ្តល់ជំនួយសង្គ្រោះជាសម្ភារៈ វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បាននាំមកនូវសារគាំទ្រយ៉ាងមុតមាំខាងនយោបាយចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី»។
សកម្មភាពនេះបានបង្ហាញពីចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រជាជនកម្ពុជាមានក្តីរំភើបយ៉ាងក្រៃលែងចំពោះការជួយសង្គ្រោះដ៏ទាន់ពេលវេលានេះ។

