ខេត្តកំពង់ស្ពឺ៖ ក្រុមយុវជនចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ ហើយថតវីដេអូចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក។

ការឃាត់ខ្លួនក្រុមយុវជនខាងលើបានធ្វើឡើងកាលពីម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកថ្ពងបានឱ្យដឹងថា មុនពេលឃាត់ខ្លួន ក្រុមយុវជនបានធ្វើសកម្មភាពបង្ហោះម៉ូតូថតចែកចាយនៅលើហ្វេសប៊ុក។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងអធិការនគរបាលស្រុកថ្ពងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ចុះបង្ក្រាបយុវជនជិះម៉ូតូចំនួន០២គ្រឿងមានគ្នា៥នាក់។

យុវជនដែលត្រូវឃាត់ខ្លួនមាន៖
១. ភោ បូរ៉ា អាយុ១៧ឆ្នាំ រស់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)
២. យន វ៉ាន់ឌី អាយុ១៧ឆ្នាំ រស់នៅភូមិឡសំបោ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជិះពីក្រោយ)
៣. ឈីម ឈីត អាយុ១៨ឆ្នាំ រស់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ)
៤. ម៉េត រ៉ាមុី អាយុ១៨ឆ្នាំ រស់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (អ្នកជិះពីក្រោយ)
៥. យន ចាន់នាង អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (អ្នកជិះពីក្រោយ)
យុវជនទាំង៥នាក់បានបើកម៉ូតូ០២គ្រឿង៖
១. ម៉ូតូម៉ាក NEX ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក់លេខភ្នំពេញ 1IB7810
២. ម៉ូតូម៉ាក NEX ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាក់លេខភ្នំពេញ 1KV-4674

នគរបាលស្រុកថ្ពងបានបញ្ជាក់ថា ក្រុមយុវជនបានជិះម៉ូតូចំនួន០២គ្រឿង មានគ្នា៥នាក់ ពេលធ្វើដំណើរមកដល់ចំណុចខាងលើ ពួកគេបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈ ហើយថតបង្ហោះ។ ភ្លាមនោះកម្លាំងជំនាញបានចុះឃាត់ខ្លួនអ្នកទាំង៥នាក់ជាមួយម៉ូតូនៅចំណុចភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមយុវជនត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្ដាយ អាណាព្យាបាល ធានាអប់រំបន្ត។ ចំណែកវត្ថុតាង (ម៉ូតូ) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង រយៈពេល៩០ថ្ងៃ តាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។
អត្ថបទសរសេរដោយ អ៊ំ ណូន | កែសម្រួលដោយ ធីតា
