ភ្នំពេញ៖ លោក Tô Lâm អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅប្រទេសចិន កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញពិសេសរបស់លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន។ លោក Tô Lâm បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី១៤ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់ជាមួយអ្នកដឹកនាំចិន។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Xi Jinping នឹងជួបពិភាក្សាការងារជាមួយលោក Tô Lâm ខណៈដែលលោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន ក៏នឹងធ្វើការជួបពិភាក្សាដោយឡែកពីគ្នាជាមួយប្រធានរដ្ឋវៀតណាមផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ និងជំរុញការសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទស្សនកិច្ចនេះក៏ជាឱកាសសំខាន់ក្នុងការកសាងសហគមន៍រួមវាសនាចិន-វៀតណាម និងរួមគ្នាគាំពារសន្តិភាពក្នុងតំបន់។

ប្រភព៖ CCFR
