ខេត្តកំពង់ស្ពឺ – យុវជនពីរនាក់ត្រូវបាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពយកកាំបិតប៉័ងតោតាមកាប់យុវជនរងគ្រោះម្នាក់ដល់បន្ទប់ជួល។ សំណាងល្អជនរងគ្រោះរត់ទាន់ ហើយគ្រាន់តែទ្វារបន្ទប់ប៉ុណ្ណោះដែលខូចខាត។

ហេតុការណ៍ហិង្សាដោយចេតនានេះបានកើតឡើងកាលពីម៉ោង ៥:៣០ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ផ្លូវរទះភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។
នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់គឺ៖
- ឈ្មោះ ញ៉ន សំបូរ អាយុ២៧ឆ្នាំ
- ឈ្មោះ ឃុត ផា អាយុ២៧ឆ្នាំ
អ្នកទាំងពីររស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច។
នៅមុនពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរបានជិះម៉ូតូម៉ាក SIRUS ពណ៌ខ្មៅ គ្មានផ្លាកលេខ និងកាន់ដាវកែច្នៃនិងកាំបិតប៉័ងតោ ដោយមានគោលបំណងកាប់ទៅលើយុវជនឈ្មោះ ថាប់ វិបុល អាយុ២១ឆ្នាំ។
ជនរងគ្រោះបានរត់ចូលក្នុងបន្ទប់ជួលទាន់ ហើយជនសង្ស័យបានកាប់ទ្វារបន្ទប់បណ្ដាលឲ្យខូចខាតកំរិតស្រាល។ ភ្លាមៗ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។
នគរបាលស្រុកភ្នំស្រួចបានឃាត់ជនសង្ស័យទាំងពីរនៅកន្លែងកើតហេតុ និងដកហូតកាំបិតប៉័ងតោ១គ្រឿង និងម៉ូតូម៉ាក SIRUS១គ្រឿង។
មូលហេតុដែលពួកគេយកកាំបិតនិងដាវរកកាប់យុវជនរងគ្រោះនោះ បណ្តាលមកពីទាស់ពាក្យសម្ដីជាមួយជនរងគ្រោះ។
បច្ចុប្បន្ន នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
