ភ្នំពេញ – បណ្តាប្រទេសសម្ព័ន្ធមិត្តក្នុងអង្គការណាតូ រួមមានចក្រភពអង់គ្លេស និងបារាំង បានប្រកាសជាផ្លូវការថា ពួកគេនឹងមិនចូលរួមក្នុងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានបំណងបិទផ្លូវនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឡើយ។

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ សម្ព័ន្ធមិត្តទាំងនេះបានបង្ហាញជំហរយ៉ាងមុតមាំថា ពួកគេនឹងធ្វើអន្តរាគមន៍ក្នុងតំបន់នេះតែនៅពេលណាដែលជម្លោះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបានបញ្ចប់ជាស្ថាពរតែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានព្រមានថា កងទ័ពអាមេរិកនឹងកម្ទេចរាល់នាវាអ៊ីរ៉ង់ដែលហ៊ានចូលមកក្បែរតំបន់ដែលត្រូវបិទនេះ ដែលការអនុវត្តបានចាប់ផ្តើមចាប់ពីថ្ងៃអង្គារនេះ។

ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនអនុញ្ញាតឲ្យខ្លួនត្រូវអូសទាញចូលក្នុងសង្គ្រាមនេះឡើយ ទោះបីជាមានសម្ពាធយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងដឹកនាំគំនិតផ្តួចផ្តើមបង្កើតបេសកកម្មអន្តរជាតិមួយដើម្បីស្តារការធ្វើនាវាចរណ៍ឡើងវិញ។

បេសកកម្មដែលមានការចូលរួមពីបណ្តាប្រទេសប្រហែល៣០នេះ មានគោលដៅបង្កើតច្បាប់សម្រាប់ឲ្យនាវាឆ្លងកាត់ដោយសុវត្ថិភាព និងការសម្របសម្រួលកងនាវាយោធាដើម្បីអមដំណើរនាវាដឹកប្រេង ប៉ុន្តែវានឹងត្រូវដាក់ពង្រាយតែនៅពេលណាដែលស្ថានការណ៍អនុញ្ញាតប៉ុណ្ណោះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានអំពាវនាវឲ្យដោះស្រាយបញ្ហានេះតាមរយៈផ្លូវការទូត ដោយព្រមានថា ការបង្កើតកងកម្លាំងយោធាអន្តរជាតិក្នុងស្ថានភាពបែបនេះ នឹងបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំង៕
