
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទចំនួន ២០នាក់ ក្នុងនោះមានស្រី ២នាក់ ពីបទឆបោកតាមអនឡាញជាក្រុមមានការចាត់តាំង។ ការសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដោយលោក ប៊ុន រតនៈ ចៅក្រមស៊ើបសួរ។
ជនត្រូវចោទទាំង ២០នាក់នេះ មានជនជាតិចិន ១៩នាក់ និងជនជាតិកៀហ្សីស៊ីស្ថាន ១នាក់។ ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងក្នុងការប្រព្រឹត្ត Online Scam និងការឆ្លងដែនខុសច្បាប់។

ទីតាំងប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនពាក់ព័ន្ធទាំងនេះនឹងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨០ ក្រមព្រហ្មទណ្ឌ និងមាត្រា២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣៨០ អំពើឆបោកជាក្រុមមានការចាត់តាំងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។ ចំណែកឯមាត្រា ២៩ នៃច្បាប់អន្តោប្រវេសន៍ ផ្ដន្ទាទោសជនបរទេសដែលចូលប្រទេសខុសច្បាប់ពី ៣ ខែ ដល់ ៦ ខែ មុននឹងត្រូវបណ្ដេញចេញ។

គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា ចាប់ពីខែកក្កដា ២០២៥ ដល់ខែមីនា ២០២៦ សមត្ថកិច្ចបានបង្ក្រាបករណីឆបោកតាមបច្ចេកវិទ្យាជាង ២៥០ ករណី និងបញ្ចូនទៅតុលាការ ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់។
ប្រភព៖ គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)
