បង្ក្រាបបារីអេឡិចត្រូនិក FISCO ជិត ៣ពាន់ប្រអប់ នៅខណ្ឌសែនសុខ ឃាត់ជនជាតិចិនម្នាក់

បង្ក្រាបបារីអេឡិចត្រូនិក FISCO ជិត ៣ពាន់ប្រអប់ នៅខណ្ឌសែនសុខ ឃាត់ជនជាតិចិនម្នាក់

អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង នៅក្នុងខណ្ឌសែនសុខ ក្រោយការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ដកហូតបានវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់។

រូបភាពទីតាំងបង្ក្រាប

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២:៣៥ នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ។

ទីតាំងខាងលើស្ថិតនៅចំណុចឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងបារីអេឡិចត្រូនិកម៉ាក FISCO ចំនួន ១៣ កេស ស្មើនឹង ២,៦០០ ប្រអប់ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំង ១ នាក់ឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

វត្ថុតាងបារីអេឡិចត្រូនិក

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត។ អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ Telegram, WhatsApp, CoolApp លេខ ០៣១ ៥៥៥៥ ៦៦៩ ឬឆាតមកកាន់ផេកហ្វេសប៊ុក Phnom Penh Gendarmerie គ្រប់ពេលវេលា។

administrator

Related Articles