ខេត្តសៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាបទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងពិធីបុណ្យភូមិវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប បានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះ សុទ្ធតែជាអ្នកភូមិនៅក្នុងតំបន់នោះ។ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈល្បែងទាំងអស់ និងធ្វើការអប់រំណែនាំដល់ក្រុមអ្នកលេងទាំងនោះ ឱ្យបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ជាបន្ទាន់ ដោយពុំមានការឃាត់ខ្លួនជនណាម្នាក់ឡើយ។

ចំពោះវត្ថុតាងដែលដកហូតបាន កម្លាំងនគរបាលប៉ុស្តិ៍បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដើម្បីរង់ចាំដំណើរការតាមច្បាប់បន្តទៀត។ ការចុះបង្ក្រាបនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងលុបបំបាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលកំពុងកើតមានក្នុងសង្គម ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីផ្សេងៗ។

