រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ។ ក្រសួងបញ្ជាក់ថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃកម្ពុជា ដូចមានកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ១៩០៤ និង ១៩០៧។

ក្រសួងចាត់ទុកថា ការរៀបចំពិធីផ្លូវការ ការជួបជុំសាធារណៈ សកម្មភាពទេសចរណ៍ និងទម្រង់នៃការអនុវត្តអំណាចបែបរដ្ឋបាលដោយអាជ្ញាធរថៃនៅតាមទីតាំងវប្បធម៌កម្ពុជា គឺជាទង្វើខុសច្បាប់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទង្វើនេះជាការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងលើដី (fait accompli) ដើម្បីពង្រឹងការកាន់កាប់ទឹកដីដោយខុសច្បាប់។

ក្រសួងបានបដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងធ្វើឱ្យការកាន់កាប់ខុសច្បាប់នេះមានលក្ខណៈស្របច្បាប់តាមរយៈសកម្មភាពឯកតោភាគី។ ក្រោមច្បាប់អន្តរជាតិ រួមទាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទង្វើទាំងនេះគ្មានសុពលភាព និងមិនអាចផ្លាស់ប្តូរអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាឡើយ។
កម្ពុជាអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ ដកចេញនូវវិធានការខុសច្បាប់ និងចៀសវាងសកម្មភាពដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ ព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាការពារអធិបតេយ្យភាព និងបន្តអនុវត្តវិធានការផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី។
