រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រពីអតីតកាលគឺជារឿងចាំបាច់បំផុត ដើម្បីកុំឱ្យប្រវត្តិសាស្ត្រវិលមករកយើងដដែល។
ឯកឧត្តមបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់ពីអារម្ភកថាសៀវភៅ «ជម្នះរស់» ជាភាសាខ្មែរថា៖ «បើយើងមិនយល់ពីអតីតកាលយើងច្បាស់ទេ ប្រវត្តិសាស្ត្រនឹងវិលមករកយើងដដែល»។

ឯកឧត្តមបានលើកឡើងថា អ្នកនយោបាយត្រូវដឹងពីអតីតកាលមួយចំនួន មិនមែនដើម្បីក្លាយជាអ្នកជំនាញទេ តែដើម្បីកុំឱ្យ «ក្បាលមិនដល់មេឃ ជើងមិនជាប់ដី»។ ឯកឧត្តមបានលើកឧទាហរណ៍ពីសម្តីរបស់លោក ស៊ី ជិនពីង ដែលនិយាយពីការចៀសផុតពីអន្ទាក់ Thucydides (Thucydides Trap) ដែលធ្វើឱ្យទីប្រឹក្សាអាមេរិកជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ឯកឧត្តមបានពន្យល់បន្ថែមថា អន្ទាក់ Thucydides សំដៅលើការប្រឈមមុខគ្នារវាងបុរី Athen និង Sparta ដែលជាមហាអំណាចធំពីរក្នុងពិភពក្រិកកាលពីជាង ២,០០០ ឆ្នាំមុន។ បុរីទាំងពីរធ្លាប់រួមកម្លាំងគ្នាកម្ចាត់ចក្រភពពែក្ស ប៉ុន្តែក្រោយទទួលជ័យជម្នះ ក៏ងាកមកប្រជែងឥទ្ធិពលគ្នាវិញ។
ពាក្យ «Thucydides Trap» ត្រូវបានលោក Herman Wouk ប្រើក្នុងបទឧទ្ទេសនាមនៅមហាវិទ្យាល័យសង្គ្រាមជើងទឹក (Naval War College) ក្នុងឆ្នាំ ១៩៨០ ដោយលោកបានបង្ហាញថា ក្នុងចំណោមការប្រឈមមុខគ្នា ១៦ ដងរវាងមហាអំណាចដែលទើបលេចឡើង (Emerging Power) និងមហាអំណាចដែលកំពុងត្រួតត្រា (Ruling Power) មានដល់ទៅ ១២ ដងដែលបញ្ចប់ដោយសង្គ្រាម។ បច្ចុប្បន្ននេះ ពាក្យនេះត្រូវបាននយោបាយវិទូអាមេរិកមួយចំនួនយកមកប្រើក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន៕
