កម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ក្នុងចំណោមក្រុមបក្ខពួក ០៣ នាក់ ដែលបានរៀបចំផែនការធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ ៤១ កាលពីវេលាម៉ោង ០១ និង ១៥ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី កម្លាំងផ្នែកព្រហ្មទណ្ឌបានចុះល្បាតតាមដងផ្លូវជាតិលេខ ៤១ ចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី។
នៅពេលឃើញមុខសញ្ញាសង្ស័យចំនួន ៣ នាក់ ជិះម៉ូតូ ០២ គ្រឿងម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ កម្លាំងបានធ្វើការឃាត់សួរនាំ ប៉ុន្តែជនសង្ស័យបានដកកាំបិតកញ្ចែតតប្រមុខកាប់មកលើសមត្ថកិច្ច រួចជិះម៉ូតូរត់គេចខ្លួន។

បន្ទាប់ពីការតាមប្រមាញ់រហូតចូលដល់ទឹកដីស្រុកបរសេដ្ឋ កម្លាំងនគរបាលស្រុកគងពិសីបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ រួមមាន៖ ទី១- ឈ្មោះ អាន ពន្លឺ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី២- ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិសេកពង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបាត់មុខម្នាក់ទៀតរត់គេចខ្លួន។
តាមការសារភាពរបស់ជនសង្ស័យ ពួកគេបានដើរយប់បបួលគ្នាចេញដើរកាប់ប្លន់នៅតាមផ្លូវជាតិលេខ ៤១។ បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមជាមួយវត្ថុតាងម៉ូតូ ០១ គ្រឿងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។
