ត្រាំបិទបញ្ចប់ទស្សនកិច្ចនៅចិន អះអាងចិនត្រៀមទិញយន្តហោះបូអ៊ីង ២០០គ្រឿង ជាង៧៥០គ្រឿងទៀតកំពុងរង់ចាំ

ត្រាំបិទបញ្ចប់ទស្សនកិច្ចនៅចិន អះអាងចិនត្រៀមទិញយន្តហោះបូអ៊ីង ២០០គ្រឿង ជាង៧៥០គ្រឿងទៀតកំពុងរង់ចាំ

ទីក្រុងប៉េកាំង៖ លោកដូណាល់ ត្រាំ បានចាកចេញពីទីក្រុងប៉េកាំងហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃ ដោយលោកថ្លែងថាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែគេមិនសូវដឹងលម្អិតប៉ុន្មានទេថា មហាអំណាចទាំងពីរបានឯកភាពគ្នាលើអ្វីខ្លះនោះ។

លោកត្រាំធ្វើដំណើរទៅប្រទេសចិនលើកនេះ បានជួបគ្នាកម្រិតកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងអមដំណើរដោយថ្នាក់ដឹកនាំធុរកិច្ចជាច្រើននាក់ ក្នុងវិស័យកសិកម្ម អាកាសចរណ៍ រថយន្តអគ្គិសនី និងបន្ទះឈីបប្រើបញ្ញាសិប្បនិម្មិត។

លោកដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ជួបគ្នាកម្រិតកំពូល

បញ្ហាពាណិជ្ជកម្មជារឿងសំខាន់ស្ទើរតែស្ថិតនៅកំពូលតារាងនៃរបៀបវារៈជួបគ្នាលើកនេះ ពោលគឺនៅក្រោមតែបញ្ហាអ៊ីរ៉ង់មួយប៉ុណ្ណោះ។ វិស័យធុរកិច្ចនានាសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តសុពលភាពនៃការផ្អាកដំឡើងពន្ធគ្នាទៅវិញទៅមក។

ដំណើរទស្សនកិច្ចលើកនេះ មើលទៅមានភាពកក់ក្ដៅគួរសម ដោយមានពិធីបដិសណ្ឋារកិច្ចយ៉ាងអ៊ឹកអធិកពីសំណាក់ម្ចាស់ផ្ទះ។ ក្នុងនោះមានការទទួលស្វាគមន៍ដោយកងទ័ពកិត្តិយស ពិធីលៀងសាយភោជន៍ និងការអញ្ជើញទៅទីតាំងដែលមានតែមនុស្សពិសេសៗបំផុតប៉ុណ្ណោះទើបអាចទៅបាន។

ពិធីទទួលស្វាគមន៍

លោកដូណាល់ ត្រាំ ហាក់ដូចជាចាប់ចិត្តនឹងទិដ្ឋភាពបែបនេះយ៉ាងខ្លាំង។ លោកក៏បានអញ្ជើញប្រធានាធិបតីចិនទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែកញ្ញាខាងមុខនេះផងដែរ។ លោកអះអាងថា ការពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង រីឯលោកស៊ីវិញចាត់ទុកថានេះជាទស្សនកិច្ចជាប្រវត្តិសាស្ត្រ។

ទោះជាយ៉ាងណាក្ដី គ្មានភាគីណាមួយប្រកាសអំពីការរកច្រកចេញរួច ឬការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយឡើយ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា ប្រទេសចិនយល់ព្រមទិញយន្តហោះម៉ាកបូអ៊ីងចំនួន ២០០គ្រឿង ហើយអាចនឹងបន្តទិញ ៧៥០គ្រឿងបន្ថែមទៀត។

យន្តហោះបូអ៊ីង

លោកត្រាំថ្លែងបន្តទៀតថា កសិករអាមេរិកាំងនឹងសប្បាយចិត្តជាមិនខាន ព្រោះប្រទេសចិននឹងទិញសណ្ដែកសៀងរបស់ពួកគេតម្លៃរាប់ពាន់លានដុល្លារ។ ទោះជាមានការអះអាងបែបនេះក្ដី ខាងភាគីចិនមិនបានប្រកាសឱ្យច្បាស់ថាខ្លួនពិតជាបានចុះកិច្ចព្រមព្រៀង ឬសន្យាទិញអ្វីពីអាមេរិកទេ។ ប្រសិនបើការកុម្ម៉ង់ទិញយន្តហោះបូអ៊ីងពិតជាដូចលោកត្រាំនិយាយមែន វានឹងក្លាយជាកិច្ចព្រមព្រៀងទិញ-លក់យន្តហោះដ៏ធំបំផុតនារយៈពេលជិតមួយទសវត្សចុងក្រោយនេះ។

ប្រភព៖ BBC

administrator

Related Articles