ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញខេត្តបន្ទាយមានជ័យ បានបើកការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់បានចំនួន ២ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត ក្នុងគោលបំណងលុបបំបាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថា កម្លាំងជំនាញបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន ២៤ ថង់ រួមមាន៖ ថ្នាំកញ្ចប់ពណ៌ខៀវរូបសេះ ៦ ថង់, ថ្នាំរូបនាគពណ៌មាស ១ កញ្ចប់, ថ្នាំពណ៌ខ្មៅ ១ ថង់, ថ្នាំពណ៌ផ្កាឈូក ៦៥ គ្រាប់, ម្សៅក្រាមសថ្លា ១៧ ថង់, ថ្នាំគ្រាប់ពណ៌ក្រហម ៥ គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅភូមិសាស្គ្រ ក្រុងប៉ោយប៉ែត ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង ១០ នាក់ និងវត្ថុតាងត្រូវបាននាំយកទៅសាកសួរនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត មុននឹងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦។

នេះជាសកម្មភាពបន្តវិធានការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅក្នុងខេត្តបន្ទាយមានជ័យ។
