ទីក្រុងម៉ានីឡា៖ រដ្ឋាភិបាលហ្វ៊ីលីពីនប្ដេជ្ញាសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភាវ័យ៦៤ឆ្នាំឈ្មោះដឺឡា រ៉ូសា (Dela Rosa) ដែលធ្លាប់ជាអគ្គស្នងការនគរបាលជាតិ ឱ្យទៅកាត់ទោសនៅ ICC ឱ្យបាន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វ៊ីលីពីនថ្លែងថារដ្ឋាភិបាលបានទទួលដីកាពី ICC ឱ្យចាប់ខ្លួនគាត់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនកាលពីជំនាន់លោកឌូតឺតេ ដែលបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។
កាលពីដើមសប្ដាហ៍នេះ កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធអគារព្រឹទ្ធសភា ដោយមានការបាញ់កាំភ្លើងរាប់សិបគ្រាប់ និងទាហានព្យាយាមឡើងតាមជណ្ដើរដើម្បីចាប់ខ្លួនគាត់។

ទោះជាយ៉ាងណា លោកដឺឡា រ៉ូសាអាចរត់គេចខ្លួនបាន។ ប្រធានព្រឹទ្ធសភាបញ្ជាក់ថាគាត់លែងនៅក្នុងអគារនោះទៀតហើយ។ រដ្ឋមន្ត្រីយុត្តិធម៌បានថ្លែងថារដ្ឋាភិបាលនឹងអនុវត្តតាមសំណើរបស់ ICC ដោយកំពុងរង់ចាំសេចក្ដីសម្រេចពីតុលាការកំពូលដើម្បីដោះស្រាយបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងនីត្យានុកូលភាពនៃដីកាចាប់ខ្លួននេះ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន លោកដឺឡា រ៉ូសាធ្លាប់បំភៀសខ្លួនម្ដងរួចមកហើយ ប៉ុន្តែថ្មីៗនេះគាត់បានបង្ហាញខ្លួនជាថ្មីដើម្បីត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី៕
