កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខុនដូរ អគារ A និង អគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា មហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤ នាក់ (ស្រី ៧ នាក់) មាន ៦ សញ្ជាតិ។ ក្នុងនោះ ជនបរទេសចំនួន ៨៣ នាក់ (ស្រី ៥ នាក់) មាន ២ សញ្ជាតិ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ រួមមាន ៖ ជនជាតិចិនចំនួន ៨២ នាក់ (ស្រី ៤ នាក់) និង ជនជាតិវៀតណាមចំនួន ១ នាក់ (ស្រី)។ រីឯជនបរទេសចំនួន ២១ នាក់ទៀត (ស្រី ២ នាក់) មាន ៥ សញ្ជាតិ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់។

សម្ភារៈវត្ថុតាងសរុបរួមមាន ៖ កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧ គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ៣៦ គ្រឿង, IPAD ចំនួន ៥ គ្រឿង, ម៉ូនីទ័រ (MONITOR) ចំនួន ៤ គ្រឿង, ទូរស័ព្ទដៃចំនួន ៨០០ គ្រឿង និងធុង CPU ចំនួន ៦ គ្រឿង។

បច្ចុប្បន្ន ជនបរទេសទាំង ១០៤ នាក់ និងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។



