ក្រុងបាវិត៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅតំបន់សកលផ្លាហ្សា ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស-ស្រីសរុបចំនួន ១១១នាក់ (ស្រី ១៤នាក់) រួមមាន៖ វៀតណាម ៥៩នាក់ (ស្រី ១១នាក់), ចិន ៣៦នាក់ (ស្រី ០២នាក់), ប៉ាគីស្ថាន ១៣នាក់ (ប្រុស), ថៃ ០១នាក់ (ស្រី), មីយ៉ាន់ម៉ា ០១នាក់ (ប្រុស) និងខ្មែរ ០១នាក់ (ប្រុស)។

សមត្ថកិច្ចក៏បានដកហូតសម្ភារពាក់ព័ន្ធមួយចំនួនធំរួមមាន៖ កំព្យូទ័រលើតុ All-In-One, ទូរស័ព្ទដៃ, កំព្យូទ័រយួរដៃ, ម៉ាស៊ីនកំព្យូទ័រ CPU, ម៉ូនីទ័រ, រថយន្ត, ម៉ូតូ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តបទល្មើសត្រូវបានក្រុមការងារបិទសុីល និងបិទទីតាំងបណ្ដោះអាសន្ន។

