ខេត្តព្រះវិហារចេញសេចក្តីបំភ្លឺក្រោយពលរដ្ឋតវ៉ារឿងវាស់វែងដី បញ្ជាក់ពីគោលដៅការពារផលប្រយោជន៍ និងធនធានធម្មជាតិ

ខេត្តព្រះវិហារចេញសេចក្តីបំភ្លឺក្រោយពលរដ្ឋតវ៉ារឿងវាស់វែងដី បញ្ជាក់ពីគោលដៅការពារផលប្រយោជន៍ និងធនធានធម្មជាតិ

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងបំភ្លឺជាសាធារណៈ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ជុំវិញករណីប្រជាពលរដ្ឋបានតវ៉ាពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅអមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស (ឃុំព្រីងធំ) មកកាន់ស្រះម្លិះ (ឃុំទឹកក្រហម) ក្នុងស្រុកជាំក្សាន្ត។

រូបភាពបង្ហាញ

ការចេញសេចក្តីបំភ្លឺជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានការតវ៉ាមួយពីសំណាក់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ចំពោះចំណាត់ការរបស់អាជ្ញាធរស្រុកជាំក្សាន្ត។ ក្រុមប្រជាពលរដ្ឋដែលមានដីធ្លីចាប់ពីចំណុចអូរឆ្អេះ រហូតដល់ស្ពានក្រឡាពាស បានបង្ហាញការមិនយល់ស្របចំពោះការវាស់វែង និងការតម្រូវឱ្យធ្វើកិច្ចសន្យាសុំអាស្រ័យផលលើដីធ្លីរបស់ខ្លួន។

រូបភាពបង្ហាញ

យោងតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត នៅក្នុងការចុះអនុវត្តផ្ទាល់នៅលើទីតាំងដីសងខាងផ្លូវនោះ គឺមានការចូលរួមសម្របសម្រួល និងធ្វើបទបង្ហាញដោយផ្ទាល់ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងតំណាងសហគមន៍ផងដែរ។

រូបភាពបង្ហាញ

ដើម្បីជៀសវាងការយល់ច្រឡំពីសាធារណជន រដ្ឋបាលខេត្តព្រះវិហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងពិតប្រាកដ និងអត្ថប្រយោជន៍គន្លឹះចំនួន ៣ នៃការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនេះ៖

១. ធានាប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ៖ អាជ្ញាធរចុះស្រង់ទិន្នន័យចំនួនគ្រួសារ និងទំហំដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែង ដើម្បីធានាឱ្យបាននូវការបង្កបង្កើនផលដោយស្របច្បាប់ និងជៀសវាងការរំលោភបំពាននានា។

រូបភាពបង្ហាញ

២. ការពារធនធានធម្មជាតិ និងព្រៃអភិរក្ស៖ ដើម្បីទប់ស្កាត់ជាដាច់ខាតនូវសកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ ដែលមានចែងយ៉ាងច្បាស់នៅក្នុងព្រះរាជក្រឹត្យ។

៣. រៀបចំផែនការសម្រាប់អនាគត៖ ដើម្បីគ្រប់គ្រង និងរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញ ក្នុងគោលដៅរក្សាធនធានធម្មជាតិទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

រូបភាពបង្ហាញ

សេចក្តីជូនដំណឹងដដែលបានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការនេះ គឺធ្វើឡើងក្នុងឆន្ទៈការពារទាំងផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន និងធនធានធម្មជាតិរបស់រដ្ឋក្នុងពេលតែមួយ។

រូបភាពបង្ហាញ

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់សាធារណជន ពិសេសបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមសហការជាមួយអាជ្ញាធរជំនាញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការពារព្រៃឈើប្រកបដោយនិរន្តរភាព។

administrator

Related Articles