ប្រតិបត្តិការរដ្ឋបាលភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

ប្រតិបត្តិការរដ្ឋបាលភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

កាលពីរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦១ នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ និងគ្រឿងញៀន។

Image 1

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមបទបញ្ជាពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

Image 2

ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១ នាក់ (ស្រី ៦ នាក់) ក្នុងនោះ គ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ចំនួន ៤២ នាក់, ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តបទល្មើស Online Scam ១៥ នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ៤ នាក់។

Image 3

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនដូចជា៖ កុំព្យូទ័រយួរដៃចំនួន ៤៨ គ្រឿង, ទូរសព្ទដៃចំនួន ៤៦៨ គ្រឿង, អេក្រង់ម៉ូនីទ័រចំនួន ៣២ គ្រឿង, CPU ចំនួន ១០ គ្រឿង, Tablet ចំនួន ១ គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។

Image 4

បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន។

Image 5

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី ៦ ខែមេសា និងបានកំពុងអនុវត្តចាប់តាំងពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ មក បានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១,០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។

Image 6
Image 7
Image 8

administrator

Related Articles