ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាស្ត្រីដូចគ្នាអារកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១:៣០នាទីយប់ នៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេង អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កំលាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានបើកការស្រាវជ្រាវតាមរហូតដល់វេលាម៉ោងប្រហែល ០៣:២០នាទី ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦។

ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ យកទៅស្នងការដ្ឋានដើម្បីសាកសួរ។ ជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្ត្រីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ បានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះជាគូស្នេហ៍ភេទដូចគ្នាស្រឡាញ់គ្នាប្រហែល០២ឆ្នាំមកហើយ។ មុនកើតហេតុ ជនសង្ស័យបានយកកាំបិតចុងស្រួចដងឈើដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរទៅបីម៉ាត់ ស្រាប់តែដកកាំបិតអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងសន្និដ្ឋានថាការស្លាប់បណ្ដាលមកពីឃាតកម្មគិតទុកជាមុន មានស្នាមរបួសដាច់រយះសាច់បំពង់កចំនួន ០១កន្លែង៕ ដោយ៖ អុឹងម៉េង
