លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ក្រោយពីលោកបង្ហើបក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី១៥ ខែឧសភា ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធ្លាប់បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ តែភាគីអ៊ីរ៉ង់តែងតែបដិសេធមិនទទួលស្គាល់នៅពេលក្រោយ។

លោក ត្រាំ បានថ្លែងថា៖ «ពួកយើងពិតជាបានឈានដល់ការព្រមព្រៀងគ្នាយ៉ាងច្បាស់លាស់ហើយ ប៉ុន្តែឱ្យតែពេលណាពួកគេយល់ព្រម ដល់ថ្ងៃបន្ទាប់ ពួកគេធ្វើដូចជាមិនដែលនិយាយគ្នាទាល់តែសោះ»។
មេដឹកនាំអាមេរិករូបនេះបានអះអាងថា កិច្ចព្រមព្រៀងនោះរួមមានទាំងការឲ្យអ៊ីរ៉ង់ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់មកឲ្យអាមេរិកផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្នមានតែអាមេរិក និងចិនប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យាកាយយកសារធាតុទាំងនោះចេញពីក្រោមគំនរបាក់បែក ដែលជាលទ្ធផលនៃការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។
លោក ត្រាំ បានទម្លាយទៀតថា មូលហេតុដែលការចរចាជួបភាពរអាក់រអួល គឺដោយសារតែមានជម្លោះផ្ទៃក្នុង និងភាពមិនច្បាស់លាស់នៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់។ លោកថែមទាំងលើកឡើងដោយកំប្លែងលាយចំអកថា៖ «ពួកយើងបានកម្ចាត់មេដឹកនាំរបស់ពួកគេអស់ជាច្រើននាក់ពេក ទៅរហូតដល់ពេលនេះខ្ញុំកំពុងតែព្យាយាមគិតមើលថា តើពួកយើងកំពុងចរចាជាមួយអ្នកណាឲ្យប្រាកដ?»។
ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ថា លោកនឹងព្រមទទួលយកកិច្ចព្រមព្រៀង ប្រសិនបើអ៊ីរ៉ង់យល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរយៈពេល ២០ឆ្នាំ ហើយរាល់សម្ភារៈនុយក្លេអ៊ែរទាំងអស់ត្រូវដកចេញពីអ៊ីរ៉ង់។
នៅពេលអ្នកកាសែតសួរថា តើអាមេរិកនឹងបើកប្រតិបត្តិការយោធាចូលទៅយកសារធាតុអ៊ុយរ៉ាញ៉ូមឬទេ បើគ្មានកិច្ចព្រមព្រៀង? លោក ត្រាំ ឆ្លើយដោយទំនុកចិត្តថា អ៊ីរ៉ង់នឹងត្រូវ «បរាជ័យទាំងស្រុង» ហើយបញ្ចប់ដោយពាក្យម៉ាត់ៗថា៖ «ដល់ពេលសមស្រប យើងនឹងចូលទៅយក ឬក៏យើងនឹងមានវិធីយកវាឲ្យខានតែបាន»៕
