បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាលោកមិនទាន់សម្រេចចិត្តបន្តលក់អាវុធឱ្យតៃវ៉ាន់ទៀតឬយ៉ាងណានោះ មន្ត្រីការបរទេសជាន់ខ្ពស់តៃវ៉ាន់បានចេញមុខសង្កត់ធ្ងន់ភ្លាមៗនៅថ្ងៃទី១៦ ខែឧសភានេះថា ការលក់អាវុធរបស់អាមេរិកមកឱ្យតៃវ៉ាន់គឺជារឿងច្បាប់ដែលត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់សហរដ្ឋអាមេរិក ហើយវាក៏ជាគ្រឹះដ៏សំខាន់បំផុតមិនអាចខ្វះបានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទោះបីជាមិនមានទំនាក់ទំនងការបរទេសជាផ្លូវការជាមួយគ្នាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាអ្នកកាង និងជាបង្អែកអន្តរជាតិដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ខណៈដែលប្រទេសចិនតែងតែទាមទារថាកោះនេះជាដែនដីរបស់ខ្លួន។ តាមពិតទៅ ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចច្បាប់នៅក្រោម «ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act)» ក្នុងការផ្គត់ផ្គង់អាវុធការពារខ្លួនឱ្យទៅកោះមួយនេះ។
ប៉ុន្តែ អ្វីៗបានប្រែជាស្រពិចស្រពិល បន្ទាប់ពីលោក ត្រាំ បានបញ្ចប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ ខែឧសភា ដោយលោកបានថ្លែងថាលោកមិនទាន់សម្រេចចិត្តបន្តកិច្ចព្រមព្រៀងលក់កញ្ចប់អាវុធធំមួយទៅឱ្យតៃវ៉ាន់ឡើយ ដែលរឿងនេះបានធ្វើឱ្យគេមានការសង្ស័យជាខ្លាំងអំពីជំហរគាំទ្ររបស់អាមេរិក។
ឆ្លើយតបនឹងការលើកឡើងនេះ លោក Chen Ming-chi អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងតៃប៉ិថា ការលក់អាវុធរវាងតៃវ៉ាន់ និងអាមេរិកគឺជាអ្វីដែលត្រូវបានធានាយ៉ាងរឹងមាំនៅក្រោមច្បាប់អាមេរិកផ្ទាល់។ លោកបានបន្តថា ទំនាក់ទំនងលក់ដូរអាវុធនេះគឺតែងតែជាសសរទ្រូងនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់ជានិច្ច។
គួររំលឹកថា កាលពីខែធ្នូកន្លងទៅ រដ្ឋបាលលោក ត្រាំ បានអនុម័តកញ្ចប់លក់អាវុធក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ ១១ប៊ីលានដុល្លារអាមេរិករួចទៅហើយ ហើយមានកញ្ចប់ទីពីរមួយទៀតដែលមានតម្លៃប្រហែល ១៤ប៊ីលានដុល្លារកំពុងរង់ចាំការអនុម័តចុងក្រោយពីលោក ត្រាំ ផងដែរ។ ប៉ុន្តែ លោក Chen មិនបានធ្វើអត្ថាធិប្បាយលម្អិតជុំវិញកញ្ចប់ទីពីរនេះទេ ដោយសារវាមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងការផ្តល់បទសម្ភាសន៍របស់លោក ត្រាំ ក្រោយជំនួបជាមួយលោក ស៊ី ជីនភីង លោកហាក់ដូចជាបានបង្ហើបថាលោកនឹងជជែកពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) អំពីការស្នើសុំទិញអាវុធនេះ។ នៅពេលដែលក្រុមអ្នកកាសែតសួរដេញដោលអំពីលទ្ធភាពនេះ លោក Chen បានឆ្លើយតបដោយប្រុងប្រយ័ត្នថា ខាងភាគីតៃវ៉ាន់នៅតែត្រូវសិក្សាស្វែងយល់ពី «បំណងពិតប្រាកដ» នៃសម្តីរបស់លោក ត្រាំ ឱ្យបានច្បាស់លាស់ជាមុនសិន។
រហូតមកទល់ពេលនេះ ប្រទេសចិនមិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ ហើយទីក្រុងប៉េកាំងតែងតែបដិសេធរាល់ការសុំចរចាសន្តិភាពពីសំណាក់លោក ឡៃ ឈីងតេ ដោយចោទប្រកាន់រូបលោកថាជា «ជនអបគមន៍» ។ លោក Chen Ming-chi បានសង្កត់ធ្ងន់យ៉ាងម៉ាត់ៗថា សាធារណរដ្ឋចិនដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់គឺជា «ប្រទេសមួយដែលមានអធិបតេយ្យភាព និងឯករាជ្យពេញលេញ» ហើយមានតែប្រជាជនតៃវ៉ាន់ទាំង ២៣លាននាក់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្តលើវាសនា និងអនាគតរបស់ខ្លួនឯងបានតាមរយៈប្រព័ន្ធប្រជាធិបតេយ្យ៕
