ឯកអគ្គរដ្ឋទូតគុយបាប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Lianys Torres Rivera បានប្រកាសយ៉ាងច្បាស់ថា ប្រជាជនគុយបាត្រៀមខ្លួនការពារខ្លួនគ្រប់បែបយ៉ាង ប្រឆាំងនឹងសកម្មភាពយោធាណាមួយពីសហរដ្ឋអាមេរិក ដែលអាចកើតមានឡើង។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Hill កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា លោកស្រី Torres Rivera បានបញ្ជាក់ថា៖ «យើងកំពុងរៀបចំលក្ខណៈដើម្បីការពារខ្លួនយើង តែមិនមែនជាការត្រៀមវាយលុកនោះទេ។ យើងមិនមែនជាអ្នកចាប់ផ្តើមសកម្មភាពណាមួយប្រឆាំងអាមេរិក ឬប្រជាជនអាមេរិកឡើយ»។
លោកស្រីបានព្រមានថា សកម្មភាពយោធាណាមួយនឹងនាំមកនូវការបង្ហូរឈាម ហើយគុយបាមិនចង់ឱ្យជនជាតិគុយបា ឬទាហានអាមេរិកណាម្នាក់ស្លាប់នៅលើទឹកដីគុយបាឡើយ។
ការថ្លែងបែបនេះកើតឡើងចំពេលដែលគុយបាកំពុងប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីយូរអង្វែង ដោយសារតែការដាក់ទណ្ឌកម្ម និងការបិទផ្លូវពីសហរដ្ឋអាមេរិក។
លោកស្រី Torres Rivera បញ្ជាក់យ៉ាងដាច់អហង្ការថា «អធិបតេយ្យភាព ឯករាជ្យភាព និងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងរបស់គុយបា គឺមិនអាចចរចាបានទេ។ យើងគ្រាន់តែជាកោះតូចមួយដែលចង់សម្រេចអនាគតខ្លួនឯងតាមរបៀបដែលប្រជាជនយើងចង់បានប៉ុណ្ណោះ»៕
សម្រួល៖ ណឺ មិនា
