
ចិនកំពុងបង្កើនសកម្មភាពទូតរបស់ខ្លួន ដើម្បីជួយបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលកំពុងរៀបចំជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភាខាងមុខ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កិច្ចខិតខំប្រឹងប្រែងរបស់ចិនកំពុងផ្តោតលើការទប់ស្កាត់ជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយរក្សាទំនាក់ទំនងល្អជាមួយទាំងពីរភាគី។ ចិនដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេរបស់ពិភពលោក ពឹងផ្អែកលើឥន្ធនៈជាងពាក់កណ្តាលពីតំបន់មជ្ឈិមបូព៌ា។
លោក Eric Olander និពន្ធនាយកគម្រោងចិន-សកលខាងត្បូង បានលើកឡើងថា៖ «ប្រធានាធិបតីត្រាំបានលើកឡើងច្រើនដងអំពីរបៀបដែលចិននិយាយជាមួយអ៊ីរ៉ង់។ នេះធ្វើឱ្យចិនស្ថិតនៅក្នុងបន្ទប់ជាមួយអ្នកចរចា»។

អ្នកវិភាគជាច្រើនបានគូសបញ្ជាក់ថា អ៊ីរ៉ង់ត្រូវការចិនច្រើនជាងចិនត្រូវការអ៊ីរ៉ង់ ដែលផ្តល់ឱកាសដល់ទីក្រុងប៉េកាំងក្នុងការជំរុញឲ្យមានការឈប់បាញ់ ខណៈដែលការពារកិច្ចប្រជុំកំពូលជាមួយលោកត្រាំកាន់តែខិតជិតមកដល់។
អត្ថបទ៖ សាង ស្រីល័ក្ខ
