សង្គ្រាមអ៊ុយក្រែនកំពុងក្ដៅគគុកឡើងវិញ នៅពេលដែលរុស្ស៊ីបានចេញការព្រមានខ្លាំងៗទៅកាន់សមាជិកណាតូ៤ប្រទេស ដែលមានហ្វាំងឡង់ អេស្តូនី ឡេតូនី និងលីទុយអានី ឲ្យប្រយ័ត្នខ្លួនចំពោះការសងសឹក បើពួកគេហ៊ានបើកដៃឲ្យអ៊ុយក្រែនប្រើដែនអាកាសសម្រាប់ការវាយប្រហារ។

លោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា២០២៦ថា បើប្រទេសទាំង៤នេះអនុញ្ញាតឲ្យដ្រូនអ៊ុយក្រែនហោះឆ្លងកាត់ដែនអាកាសរបស់ពួកគេ រុស្ស៊ីនឹងសងសឹកវិញជាក់ជាមិនខាន។
តាមសម្ដីលោក Shoigu ក្នុងរយៈពេលថ្មីៗនេះ ដ្រូនអ៊ុយក្រែនជាច្រើនបានហោះកាត់តាមប្រទេសទាំង៤នេះ ដែលជាលទ្ធផលធ្វើឲ្យប្រជាជនស៊ីវិលរងទុក្ខវេទនា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។

លោកអះអាងថា សមាជិកណាតូទាំង៤បានក្លាយជាអ្នកចូលដៃក្នុងអំពើឈ្លានពានប្រឆាំងនឹងរុស្ស៊ី ដូច្នេះទីក្រុងមូស្គូមានសិទ្ធិស្វ័យការពារតាមមាត្រា៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ឆ្លើយតបទៅរុស្ស៊ី ប្រទេសទាំង៤បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយហៅវាថាជា«យុទ្ធនាការផ្ដល់ព័ត៌មានមិនពិត»។

អ្វីដែលគួរឲ្យព្រួយបារម្ភគឺ ព្រឹត្តិការណ៍នេះបង្កហានិភ័យអំពីការរីករាលដាលនៃសង្គ្រាមអ៊ុយក្រែន ទៅជាសង្គ្រាមដោយផ្ទាល់រវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ ដែលអាចនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅតំបន់អឺរ៉ុប។
អត្ថបទ៖ សុខ សុវណ្ណ
