អាជ្ញាធរនគរបាលស្រុកឯកភ្នំបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយពីពួកគេបានប្រើកាំបិតខ្វែវកាប់យុវជនម្នាក់ដោយសារគំនុំចាស់។

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ទឹង ឆានុន អាយុ១៧ឆ្នាំ បានរងរបួសធ្ងន់នៅក្បាលខាងក្រោយផ្នែកស្តាំ ដែលត្រូវដេរចំនួន២០ថ្នេរ។

ជនសង្ស័យទាំងពីរត្រូវបានអត្តសញ្ញាណថា៖
១. ដា ដេត (ហៅខ្លឹង) អាយុ១៩ឆ្នាំ និង
២. សែម ណារ៉ុង (ហៅបេង) អាយុ២០ឆ្នាំ
ក្នុងការសាកសួរ ជនសង្ស័យទាំងពីរបានទទួលស្គាល់ទោសកំហុស ដោយបញ្ជាក់ថាពួកគេបានធ្វើដូច្នោះដើម្បីដោះស្រាយគំនុំចាស់ជាមួយជនរងគ្រោះ។

លោក វរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំប្រតិបត្តិការចាប់ខ្លួននេះ ដោយស្របតាមការណែនាំពីអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តបាត់ដំបង។
វត្ថុតាងដែលត្រូវបានដកហូតរួមមានកាំបិតខ្វែវដងដែកចំនួន០១។ ជនសង្ស័យនិងវត្ថុតាងនឹងត្រូវបញ្ជូនទៅអយ្យការអមសាលដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
