ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឃាត់រថយន្តអាវតា០៧ ពណ៌ខ្មៅ ដែលត្រូវប្រជាពលរដ្ឋចោមរោមគប់ដុំថ្មយ៉ាងខ្លាំង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់គេច។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ) ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍នេះ រថយន្តត្រូវបានរងការខូចខាតកញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងស្តាំ, កញ្ចក់ទ្វារក្រោយខាងឆ្វេង, កញ្ចក់មើលក្រោយខាងឆ្វេង, ស្តុបក្រោយមួយគូ និងឆូតចំហៀងខាងឆ្វេង។

លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចឈរគ្រប់គោលដៅនៃពិធីបុណ្យចូលឆ្នាំជាតិប្រពៃណី បានឃាត់រថយន្តដែលមហាជនស្រែកឆោឡោថា បង្កគ្រោះថ្នាក់ហើយមិនឈប់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំពីហេតុការណ៍។

ក្រោយសួរនាំ ម្ចាស់រថយន្តបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ ខ្លួនជាមួយម្ដាយមីងនិងបងប្អូនចំនួន០៥នាក់ ពេលធ្វើដំណើរចេញពីផ្ទះមកដល់ផ្លូវលេខ៩០ អាជ្ញាធរបានដាក់បារាស ហើយក៏បានបត់ស្ដាំតាមបណ្ដោយផ្លូវលេខ៩០ បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ទះ ពេលនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកបុករថយន្តពីក្រោយ។

ម្ចាស់រថយន្តចុះមកមើលរថយន្តតែមិនឃើញម្ចាស់ម៉ូតូ ដោយខឹងក៏លើកម៉ូតូនោះបោកផ្ដួលលើផ្លូវ។ ភ្លាមៗនោះម្ចាស់ម៉ូតូក៏មកដល់ ម្ចាស់រថយន្តបានវាយទៅលើម្ចាស់ម៉ូតូតែមិនត្រូវ ហើយត្រូវបានប្រជាពលរដ្ឋឃាត់បំបែក។ បន្ថែមទៀតនោះ ម្ចាស់រថយន្តមិនចង់វែងឆ្ងាយ បានបើករថយន្តចេញ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវស្រែកឆោឡោ យកដុំថ្មគប់មកលើរថយន្តបណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ទៅ។

បច្ចុប្បន្នម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹងនិងសូមឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកជនបង្កដើម្បីយកមកអនុវត្តតាមនីតិវិធី និងសងសំណងនូវការខូចខាតរថយន្ត។
ដោយ៖ ជ្រោយពេជ្រ
