ក្តីសង្ឃឹមនៃសន្តិភាពកាន់តែភ្លឺស្វាងឡើង នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានដោយផ្ទាល់។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន People’s Daily នាថ្ងៃទី១៧ មេសា ឆ្នាំ២០២៦។

លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ លោកនឹងធ្វើដំណើរទៅទីនោះដើម្បីចុះហត្ថលេខាបញ្ចប់ជម្លោះដែលបានអូសបន្លាយជាច្រើនសប្តាហ៍មកនេះ។
ការចរចាដោយផ្ទាល់រវាងភាគីទាំងពីរអាចនឹងចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍នេះ។ លោកត្រាំមានជំនឿថា អាមេរិកនឹងអាចសម្រេចបានកិច្ចព្រមព្រៀងល្អជាមួយអ៊ីរ៉ង់ ដែលធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ។

លោកត្រាំបាននិយាយបែបកំប្លែងថា អ៊ីរ៉ង់បានយល់ព្រមប្រគល់ «ធូលីនុយក្លេអ៊ែរ» ដែលលាក់ទុកនៅក្រោមដីឲ្យមកអាមេរិកវិញ បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារនាពេលកន្លងមក។
ចំពោះកិច្ចព្រមព្រៀងផ្អាកបាញ់គ្នា លោកត្រាំយល់ឃើញថាប្រហែលជាមិនចាំបាច់បន្តសុពលភាពទៀតទេ ព្រោះអ្វីៗកំពុងដើរទៅមុខយ៉ាងរលូន។ លោកបដិសេធព័ត៌មានដែលថា អាមេរិកកំណត់ពេលត្រឹម២០ឆ្នាំសម្រាប់ឲ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរ។

ទោះជាយ៉ាងណា លោកត្រាំនៅតែរក្សាទឹកមុខម៉ឺងម៉ាត់ ដោយលោកបានព្រមានថា ប្រសិនបើការចរចាបរាជ័យ ការវាយប្រហារតាមអាកាសនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗ។ លោកបាននិយាយយ៉ាងខ្លីថា៖ «បើគ្មានកិច្ចព្រមព្រៀង គឺត្រូវវាយគ្នាបន្តទៀត»។
ព័ត៌មាននេះបង្ហាញពីការដាក់សម្ពាធយ៉ាងធ្ងន់ដល់ទីក្រុងតេហេរ៉ង់ ដើម្បីប្រញាប់សម្រេចចិត្តរើសយកផ្លូវសន្តិភាព៕
