ភ្នំពេញ៖ រោងចក្រមួយកន្លែងដែលផ្ទុកសាំងក្រអូប និងប្រេងម៉ាសុីនត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅវេលាម៉ោង ៥:៥០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្របានឱ្យដឹងថា ពួកគាត់ធុំក្លិនឈ្ងៀមផ្សែង ហើយផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ហ៊ុយចូលផ្ទះ។ ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នារត់ចេញមកក្រៅ ហើយបានឃើញអណ្តាតភ្លើងកំពុងឆាបឆេះចេញពីខាងក្នុងរោងចក្រ។

ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកមកបាញ់បង្ការជាបណ្តោះអាសន្ន ដើម្បីការពារកុំឱ្យភ្លើងរាលដាលដល់ផ្ទះរបស់ពួកគាត់។ បន្ទាប់ពីទទួលបានព័ត៌មាន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យចេញជួយសង្គ្រោះជាបន្ទាន់។

អគ្គិភ័យនេះបានបង្កការខូចខាតបន្ទប់ផ្ទុកសាំង ០១ អស់ទាំងស្រុង និងបានបំផ្លាញប្រេងសាំងក្រអូប និងប្រេងម៉ាសុីនជាច្រើនកាន រួមទាំងម៉ាស៊ីនត្រជាក់ ១គ្រឿង។ ក្នុងការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ៥គ្រឿង រថយន្តជំនួយបុរីសង្ឃឹមថ្មី ២គ្រឿង រថយន្តសាលាខណ្ឌកំបូល ០១គ្រឿង និងរថយន្តកងពលតូចង៧០ ចំនួន ៥គ្រឿង។

សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា មូលហេតុនៃអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ភ្លើងត្រូវបានបាញ់ឱ្យរលត់ជាស្ថាពរបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ក្រុមពន្លត់អគ្គិភ័យ។

ជាសំណាងល្អ អគ្គិភ័យនេះមិនបានបង្កឱ្យមានរបួសឬស្លាប់អ្នកណាម្នាក់ឡើយ ហើយក៏មិនបានរាលដាលទៅកាន់អគារជិតខាងផងដែរ។ ការឆាបឆេះត្រូវបានគ្រប់គ្រងនៅក្នុងតំបន់រោងចក្រតែប៉ុណ្ណោះ។
ដោយ៖ សុខាសែនជ័យ
