អង្គការ WCK ព្រមាន៖ សង្គ្រាមអ៊ីរ៉ង់អាចបង្កគ្រោះអត់ឃ្លានសកល ធ្វើឲ្យមនុស្សរាប់លាននាក់រងទុក្ខវេទនា

អង្គការ WCK ព្រមាន៖ សង្គ្រាមអ៊ីរ៉ង់អាចបង្កគ្រោះអត់ឃ្លានសកល ធ្វើឲ្យមនុស្សរាប់លាននាក់រងទុក្ខវេទនា

គ្រោះអត់ឃ្លាន

ភ្នំពេញ៖ អង្គការ World Central Kitchen (WCK) បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរថា សង្គ្រាមនៅអ៊ីរ៉ង់អាចបង្កឲ្យមានគ្រោះអត់ឃ្លានជាសកល ដែលនឹងធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសនៅក្នុងប្រទេសក្រីក្រទូទាំងពិភពលោក។

ស្ថាបនិកអង្គការ WCK លោក Jose Andres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសា ឆ្នាំ២០២៦ថា សង្គ្រាមបច្ចុប្បន្ននេះកំពុងធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង។ ច្រកសមុទ្រនេះជាផ្លូវដឹកជញ្ជូនសំខាន់ដែលផ្ទុកប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីកសិកម្មពិភពលោក។

លោក Andres បានបញ្ជាក់ថា៖ «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក ត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦និងឆ្នាំ២០២៧។»

លោកបានពន្យល់បន្ថែមថា ភាពវឹកវរនៃការដឹកជញ្ជូនតាមកប៉ាល់នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz កំពុងតែធ្វើឲ្យការផ្គត់ផ្គង់ជីកសិកម្មមានភាពតឹងតែង និងរុញច្រានតម្លៃឲ្យកាន់តែខ្ពស់សម្រាប់កសិករ។

លោក Andres បានចង្អុលបញ្ជាក់ពីប្រទេសក្រីក្រដូចជា ហៃទី ដែលកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត។ លោកបានលើកឧទាហរណ៍ថា៖ «បើអ្នកទិញអង្ករមួយគីឡូក្រាម គេព្រមលក់ឲ្យអ្នកតែកន្លះគីឡូក្រាមប៉ុណ្ណោះ។»

អ្នកជំនាញក៏បានព្រមានថា ការខ្វះខាតជីចំពេលរដូវដាំដុះនឹងធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះយ៉ាងខ្លាំង។ ប្រសិនបើកសិករមិនមានជីប្រើប្រាស់គ្រប់គ្រាន់ទេ វានឹងនាំឲ្យមានការខ្វះខាតស្បៀងអាហារ និងគ្រោះអត់ឃ្លានជាសកល។

កសិករនៅជុំវិញពិភពលោក ចាប់ពីឥណ្ឌា រហូតដល់អាមេរិក និងអឺរ៉ុប ក៏កំពុងប្រឈមនឹងការចំណាយខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃកសិផលនៅលើទីផ្សារបែរជាមិនសូវឡើងថ្លៃទៅវិញ ដែលធ្វើឲ្យពួកគេប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជាក់ថា ក្នុងករណីអាក្រក់បំផុត វិបត្តិនេះអាចជះផលអាក្រក់ដល់ការប្រមូលផលនៅរដូវក្រោយ ដែលនឹងរុញច្រានពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិអតិផរណាស្បៀងអាហារកាន់តែខ្លាំង។

administrator

Related Articles