ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានពីស្ថានភាពអាកាសធាតុដែលអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

យោងតាមព្រឹត្តិបត្រព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២៦ តំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។
ស្ថានភាពនេះកើតឡើងដោយសារឥទ្ធិពលពីព្យុះទី៤ ឈ្មោះស៊ីនឡាគូ (Sinlaku) T2604 ដែលបានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។ ទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមានឹងស្ថិតនៅ ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C ដោយមានខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ដែលមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
ចំណែកតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ២៥%។ សីតុណ្ហភាពនៅតំបន់នេះនឹងមានអប្បបរមា ២៥°C និងអតិបរមា ៣៦°C។

សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ២០% ដោយមានរលកសមុទ្រកម្ពស់អប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុដែលអាចប្រែប្រួលនាពេលខាងមុខនេះ។
