អ៊ីរ៉ង់បដិសេធយ៉ាងខ្លាំងក្លា មិនផ្ទេរអ៊ុយរ៉ាញ៉ូមទៅអាមេរិក ទាមទារគោរពកិច្ចព្រមព្រៀងឈប់បាញ់

អ៊ីរ៉ង់បដិសេធយ៉ាងខ្លាំងក្លា មិនផ្ទេរអ៊ុយរ៉ាញ៉ូមទៅអាមេរិក ទាមទារគោរពកិច្ចព្រមព្រៀងឈប់បាញ់

ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសអ៊ីរ៉ង់នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់សហរដ្ឋអាមេរិកទៀតសោត ក៏មិនដែលស្ថិតក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ទាល់តែសោះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់

បើតាម Xinhua ចុះផ្សាយថ្ងៃសៅរ៍ទី១៨មេសា លោក Baghaei បានពន្យល់ថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គឺជាការលើកឡើងត្រឹមតែក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ខែមេសាប៉ុណ្ណោះ មិនមែនជាសញ្ញាណថ្មីនៃទំនាក់ទំនងការទូតអ្វីនោះទេ។

ពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រហ័រមូស លោក Baghaei បានបន្តរៀបរាប់ថា ច្រកសមុទ្រដ៏សំខាន់មួយនេះនឹងនៅតែបើកចំហសម្រាប់ការដឹកជញ្ជូនទំនិញ ដរាបណាកិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងអាមេរិកនៅតែមានប្រសិទ្ធភាព។ ការសម្រេចចិត្តអនុញ្ញាតឲ្យនាវាឆ្លងកាត់ដោយសុវត្ថិភាពនេះ បានធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់គ្នានៅក្នុងប្រទេសលីបង់។

ច្រកសមុទ្រហ័រមូស

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែទទូចថា ភាគីទាំងពីរមិនទាន់មានកិច្ចព្រមព្រៀងថ្មីណាមួយក្រៅពីអ្វីដែលបានប្រកាសកាលពីដើមខែមេសាទេ។ ទន្ទឹមនោះ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនបានគោរពតាមការសន្យាក្នុងការពង្រីកលក្ខខណ្ឌឈប់បាញ់ឲ្យគ្របដណ្តប់ដល់ប្រទេសលីបង់ ដែលជាចំណុចដែលអ៊ីរ៉ង់យល់ថាមាននៅក្នុងកិច្ចព្រមព្រៀង ប៉ុន្តែអាមេរិក និងអ៊ីស្រាអែលបានបដិសេធ។

លោក Baghaei ក៏បានព្រមានទុកជាមុនថា អ៊ីរ៉ង់នឹងមានវិធានការតបតវិញ ប្រសិនបើអាមេរិកនៅតែបន្តការបិទខ្ទប់ផ្លូវទឹកក្នុងច្រកសមុទ្រហ័រមូស។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការចរចាដើម្បីពន្យារពេលឈប់បាញ់នោះឡើយ ដោយការសម្របសម្រួលតាមរយៈប្រទេសប៉ាគីស្ថាន នៅតែផ្តោតសំខាន់លើការបញ្ចប់ជម្លោះ និងការការពារផលប្រយោជន៍របស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ទំនាក់ទំនងអ៊ីរ៉ង់-អាមេរិក

គួរបញ្ជាក់ផងដែរថា ភាពតានតឹងនៅច្រកសមុទ្រនេះបានចាប់ផ្តើមឡើងតាំងពីចុងខែកុម្ភៈមកម្ល៉េះ បន្ទាប់ពីអ៊ីរ៉ង់បានហាមឃាត់នាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល និងអាមេរិកមិនឲ្យឆ្លងកាត់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើទឹកដីរបស់ខ្លួន។ ជាការសងសឹកវិញ អាមេរិកក៏បានដាក់ចេញនូវការបិទខ្ទប់ផ្លូវទឹកចំពោះនាវាដែលចេញចូលកំពង់ផែរបស់អ៊ីរ៉ង់ផងដែរ។

ទោះជាស្ថានការណ៍ហាក់ដូចជាតានតឹង ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរអាចនឹងជួបពិភាក្សាគ្នាម្តងទៀតនៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកច្រកចេញនៃវិបត្តិមួយនេះ។ ការចរចានាពេលខាងមុខនេះនឹងកំណត់ទិសដៅនៃទំនាក់ទំនងអន្តរជាតិរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

administrator

Related Articles