អាមេរិកផ្ញើក្រុមសន្តិភាពទៅប៉ាគីស្ថាន តែអ៊ីរ៉ង់បដិសេធចូលចរចា ខណៈភាពតានតឹងកើនឡើងខ្ពស់

អាមេរិកផ្ញើក្រុមសន្តិភាពទៅប៉ាគីស្ថាន តែអ៊ីរ៉ង់បដិសេធចូលចរចា ខណៈភាពតានតឹងកើនឡើងខ្ពស់

ស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចតានតឹងជាថ្មីម្តងទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់​ឲ្យ​ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅយប់ថ្ងៃចន្ទ​ទី​២០​ខែមេសា​នេះ ដើម្បីបើកផ្លូវស្វែងរកសន្តិភាព។

ការចរចាសន្តិភាព

ប៉ុន្តែភ្លាមៗនោះ ខាងភាគីអ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងដាច់អហង្ការថា ខ្លួននឹងមិនចូលរួមក្នុងការចរចាជុំថ្មីនេះឡើយ ដោយសារតែអាមេរិកនៅតែបន្តដាក់លក្ខខណ្ឌតឹងរ៉ឹងពេក និងមិនមានភាពច្បាស់លាស់ក្នុងគោលជំហររបស់ខ្លួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន France24។

រឿងរ៉ាវកាន់តែរកាំរកូសខ្លាំង បន្ទាប់ពីលោកត្រាំ បានបង្ហើប​ឲ្យ​ដឹងថា កងទ័ពអាមេរិកទើបតែបានប្រើកម្លាំងបាញ់កម្ទេចគ្រឿង​ម៉ាស៊ីន និងចូលគ្រប់គ្រងនាវាដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់យ៉ាងច្បាស់ៗលើបណ្តាញសង្គមថា អាមេរិកកំពុងក្តោបក្តាប់នាវានោះទាំងស្រុង ហើយកំពុងឆែកឆេរមើលថាតើមានអ្វីខ្លះនៅខាងក្នុង។

ស្ថានការណ៍តានតឹង

ទន្ទឹមនោះ ជម្លោះនៅផ្លូវទឹកដ៏សំខាន់ក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងធ្វើឲ្យពិភពលោកបារម្ភយ៉ាងខ្លាំង ព្រោះការបិទផ្លូវនាវាដឹកប្រេងបានធ្វើឲ្យ​តម្លៃប្រេងសកលហក់ឡើងខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ដ្បិត​អាមេរិកត្រៀមបញ្ជូនមន្ត្រីជាន់ខ្ពស់ រួមទាំងអនុប្រធានាធិបតី JD Vance ទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដក៏ដោយ ក៏អ៊ីរ៉ង់នៅតែយល់ថាការចរចានេះគ្មានន័យ ដរាបណាអាមេរិកនៅតែបន្តការបិទខ្ទប់ផ្លូវទឹក និងមិនបញ្ឈប់ការគំរាមកំហែង។

កងទ័ពអាមេរិក

ក្នុងពេលជាមួយគ្នានេះ លោកត្រាំ ក៏មិនបានបន្ថយដៃដែរ ដោយលោកបានព្រមានជាថ្មីថា បើអ៊ីរ៉ង់មិនព្រមធ្វើតាមលក្ខខណ្ឌទេ លោកនឹងបញ្ជាឲ្យ​វាយប្រហារលើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដែលសកម្មភាពនេះកំពុងធ្វើឲ្យមហាអំណាចទាំងពីរស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមកាន់តែជ្រៅ។

នៅឯប្រទេសប៉ាគីស្ថានវិញ សន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតខ្ពស់បំផុត ដើម្បីត្រៀមទទួលក្រុមការងារអាមេរិក ប៉ុន្តែព័ត៌មានដែលថាអ៊ីរ៉ង់ដកខ្លួនចេញពីការចរចា បានធ្វើឲ្យក្តីសង្ឃឹមនៃបទឈប់បាញ់កាន់តែ​ពិបាកនឹង​ទទួល​ជោគជ័យ។

មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានមើលយ៉ាងអន្ទះសារថា តើលោកត្រាំ នឹងសម្រេចចិត្តបែបណា បន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតហាក់ជួបភាពទាល់ច្រកបែបនេះ ខណៈដែលសម្ពាធសេដ្ឋកិច្ច និងតម្លៃសាំងដែលកំពុងឡើងថ្លៃ ក៏កំពុងដាក់បន្ទុកយ៉ាងធ្ងន់លើរដ្ឋាភិបាលអាមេរិកផងដែរ៕

administrator

Related Articles