ខេត្តពោធិ៍សាត់៖ ហេតុការណ៍សោកសង្រេងមួយបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ នៅពេលក្មេងស្រីជំទង់ចំនួន២នាក់ ក្នុងចំណោមក្រុម៦នាក់ បានលង់ទឹកស្លាប់នៅបឹងធម្មជាតិកោះថាស ស្ថិតក្នុងភូមិដប់បាត់ សង្កាត់លលកស ក្រុងខេត្តពោធិ៍សាត់។

តាមការស៊ើបអង្កេតដំបូង ក្មេងរងគ្រោះទាំងពីរនាក់គឺ នាងចេង នីសា (ហៅហ៊ីង) អាយុ១៤ឆ្នាំ និងនាងមឿន ស្រីលាភ អាយុ១៥ឆ្នាំ ដែលមានទីលំនៅនៅភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុងខេត្តពោធិ៍សាត់។ ពួកគេបានបបួលគ្នាទៅរាវរកលៀសនៅតំបន់បឹងនោះ ប៉ុន្តែជាអកុសលបានធ្លាក់ចូលទឹកហើយលង់ស្លាប់។
ប្រភពព័ត៌មានបានបញ្ជាក់ថា តំបន់បឹងកោះថាសនេះ កន្លងមកមានការបូមដីខ្សាច់ ដែលអាចបង្កើតជាជង្ហុកជ្រៅៗ ធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលមិនស្គាល់តំបន់។ ការបាត់បង់ជីវិតក្មេងជំទង់ទាំងពីរនាក់នេះ បានធ្វើឱ្យគ្រួសារ និងសហគមន៍ក្នុងតំបន់ពិតជាសោកស្តាយយ៉ាងខ្លាំង។
សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត និងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។ ករណីនេះបានដាស់តឿនពីគ្រោះថ្នាក់នៃការលេងទឹកនៅតំបន់ដែលមិនសុវត្ថិភាព ជាពិសេសក្នុងរដូវប្រាំងនេះ។
ដោយ៖ ប៉ឹម ពិន
