ទីក្រុងបាងកក៖ ស្ថានទូតចិនប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីណែនាំជាបន្ទាន់ ដាស់តឿនពលរដ្ឋចិនទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមរយៈការសន្យាផ្ដល់ «ការងារប្រាក់ខែខ្ពស់» នៅក្នុងប្រទេសថៃ។

ការព្រមានដ៏តឹងរឹងនេះ កើតឡើងបន្ទាប់ពីមានករណីតារាសម្ដែងចិនដ៏ល្បីល្បាញមួយរូបគឺ លោក Wang Xing ត្រូវបានក្រុមឧក្រិដ្ឋជនលួងលោមឱ្យធ្វើដំណើរទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា មុននឹងត្រូវបានចាប់បង្ខាំង និងលក់បន្តទៅក្នុងបណ្ដាញជួញដូរមនុស្សដ៏ឃោរឃៅ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The China Daily ស្ថានទូតចិនបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសចំពោះការអូសទាញឱ្យទៅកាន់តំបន់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា មិនថាក្រោមរូបភាពផ្ដល់ប្រាក់ខែខ្ពស់ ឬអត្ថប្រយោជន៍កម្សាន្តបែបណានោះឡើយ។
ស្ថានទូតបានព្រមានយ៉ាងច្បាស់ថា ជនរងគ្រោះដែលធ្លាក់ក្នុងអន្ទាក់នេះ អាចប្រឈមនឹងការបង្ខាំងទុកដោយខុសច្បាប់ អំពើហិង្សា និងអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។ ជាងនេះទៅទៀត ស្ថានទូតបានជំរុញឱ្យប្រជាពលរដ្ឋកុំចាញ់បោកការឃោសនាតាមបណ្ដាញសង្គម ដូចជាវីដេអូខ្លីៗ ឬសារផ្សព្វផ្សាយការងារក្រៅប្រទេស ដែលសន្យាផ្ដល់ប្រាក់កម្រៃច្រើន និងងាយស្រួលហួសហេតុ។
ក្នុងករណីមានអាសន្ន ឬការសង្ស័យណាមួយ ស្ថានទូតស្នើឱ្យប្រញាប់ទាក់ទងប៉ូលិសមូលដ្ឋាន ឬស្ថានទូតចិនជាបន្ទាន់ ដើម្បីទទួលបានការជួយសង្គ្រោះទាន់ពេលវេលា។
ដោយ៖ តារា
