ស្ថានការណ៍ជម្លោះអាមេរិក-អ៊ីរ៉ង់កាន់តែតានតឹង បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចលុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅប៉ាគីស្ថានដើម្បីចរចា។ ការសម្រេចនេះកើតឡើងភ្លាមៗក្រោយប្រតិភូអ៊ីរ៉ង់ចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដ។

លោក ត្រាំ បានបញ្ជាក់ថាលោកមិនចង់ឱ្យកូនប្រសារបស់លោក Jared Kushner ខាតពេលវេលាឥតប្រយោជន៍ទេ ដោយបោះសម្តីថា៖ «បើអ៊ីរ៉ង់ចង់ចរចា គ្រាន់តែលើកទូរសព្ទមកនិយាយជាមួយខ្ញុំផ្ទាល់!»។
មុនការលុបចោល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Aragchi បានជួបភាគីប៉ាគីស្ថានជាអ្នកសម្របសម្រួល ប៉ុន្តែបង្ហាញការសង្ស័យថាអាមេរិកពិតជាមានឆន្ទៈដោះស្រាយតាមផ្លូវការទូតឬយ៉ាងណា។ ទោះជាត្រាំយល់ព្រមពន្យារបទឈប់បាញ់លើសពីថ្ងៃទី២២ មេសាក៏ដោយ កិច្ចប្រឹងប្រែងហាក់ដើរដល់ផ្លូវទាល់។
ចំណុចក្តៅគឺច្រកសមុទ្រហ័រមូស ជាផ្លូវដឹកជញ្ជូនប្រេងសំខាន់របស់ពិភពលោក។ ក្រោយអាមេរិក-អ៊ីស្រាអែលវាយប្រហារកាលពីខែកុម្ភៈ អ៊ីរ៉ង់រឹតបន្តឹងការធ្វើដំណើរ នាំឱ្យអាមេរិកបង្កើនកម្លាំងជើងទឹករារាំងការនាំចេញប្រេងអ៊ីរ៉ង់។

នៅលើ Truth Social ត្រាំនិយាយឌឺដងថា អាមេរិកកាន់សន្លឹកបៀរលើសគេ រីឯអ៊ីរ៉ង់គ្មានសល់អ្វីក្នុងដៃឡើយ។ លោកថែមទាំងចោទថាថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងច្របូកច្របល់ឈ្លោះគ្នាឯងរហូតមិនដឹងថាអ្នកណាជាអ្នកបញ្ជាពិតប្រាកដ។ ពេលសួរថាតើនេះនាំឱ្យសង្គ្រាមផ្ទុះឡើងវិញឬទេ ត្រាំឆ្លើយខ្លីៗថាមិនទាន់ដល់ថ្នាក់ហ្នឹងទេ។
ទន្ទឹមនេះ ការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់បន្តកើតមាន បណ្តាលឱ្យស្លាប់យ៉ាងហោចណាស់ ៤នាក់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យទ័ពវាយប្រហារគោលដៅហេសបូឡាឱ្យខ្លាំងក្លាបំផុត ធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ៕
ប្រែសម្រួល៖ ឈាង
