ក្រសួងសុខាភិបាលលីបង់លើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ១៤នាក់ និងរបួស ៣៧នាក់ ខណៈយោធាអ៊ីស្រាអែល បានព្រមានប្រជាជនឱ្យចាកចេញពីទីក្រុងចំនួន ៧ ហួសពីតំបន់ស្នូលដែលកាន់កាប់ដោយយោធាអ៊ីស្រាអែល មុនពេលបទឈប់បាញ់បរាជ័យក្នុងការបញ្ឈប់អរិភាពទាំងស្រុង។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ។
ក្រសួងសុខាភិបាលលីបង់ បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់នៅថ្ងៃអាទិត្យរួមមានកុមារពីរនាក់ និងស្ត្រីពីរនាក់។
ចំណែកភាគីអ៊ីស្រាអែលវិញ បានអះអាងថា ទាហានម្នាក់របស់ខ្លួនក៏ត្រូវបានសម្លាប់ ខណៈបទឈប់បាញ់ដ៏ផុយស្រួយមួយស្ថិតនៅក្រោមភាពតានតឹងបន្ថែមទៀត។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម X ថា៖ « ក្រុមប្រដាប់អាវុធហេសបូឡា (Hezbollah) នៅលីបង់ កំពុងរំលោភបំពានលើបទឈប់បាញ់ ហើយអ៊ីស្រាអែលនឹងធ្វើសកម្មភាពប្រឆាំងនឹងវា[ក្រុមហេសបូឡា] ដោយប្រាប់ប្រជាជនឱ្យធ្វើដំណើរទៅទិសខាងជើង និងខាងលិចឆ្ងាយពីទីក្រុងនានា»។

គួរបញ្ជាក់ថា ទីក្រុងទាំងនោះស្ថិតនៅភាគខាងជើងនៃទន្លេ Litani និងតំបន់នៅភាគខាងត្បូងប្រទេសលីបង់ ដែលកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល បន្តប្រតិបត្តិការយោធា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំងរបស់ក្រុមហេសបូឡា កាំភ្លើងបាញ់រ៉ុក្កែត និងឃ្លាំងអាវុធ។
គួរកត់សម្គាល់ថា មនុស្សជាង ២ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមថ្មីបំផុតរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលចាប់ផ្តើមនៅថ្ងៃទី០២ ខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមក្រសួងសុខាភិបាលលីបង់ អ្នកស្លាប់រួមមានស្ត្រី ២៧៧នាក់ កុមារ ១៧៧នាក់ និងគ្រូពេទ្យ ១០០នាក់៕
ប្រែសម្រួល៖ ណឺ មិនា
