ទីក្រុងហ្សាការតា៖ ឥណ្ឌូណេស៊ី ដែលជាសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសគម្រោងនាំចូលប្រេងឆៅចំនួន ១៥០ លានបារ៉ែលពីរុស្ស៊ី នៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងការខ្វះខាតថាមពលក្នុងស្រុក ក្រោយជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង។

លោក Yuliot Tanjung អនុរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី បានថ្លែងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ថា រដ្ឋាភិបាលបានយល់ព្រមលើបរិមាណនាំចូលប្រហាក់ប្រហែល ១៥០ លានបារ៉ែល ដើម្បីបំពេញតម្រូវការក្នុងស្រុករហូតដល់ចុងឆ្នាំនេះ។ លោកបន្ថែមថា រដ្ឋាភិបាលគ្រាន់តែត្រូវការរៀបចំយន្តការនាំចូលប៉ុណ្ណោះ។ ទោះយ៉ាងណា បរិមាណនាំចូលឧស្ម័នឥន្ធនៈរាវ (LPG) ពីរុស្ស៊ី នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។

លោក Yuliot ក៏បានបញ្ជាក់ដែរថា ឥណ្ឌូណេស៊ីកំពុងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែមពីប្រទេសដទៃទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។ លោកបានឱ្យដឹងថា «យើងនាំចូលប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ ដូច្នេះ ១៥០ លានបារ៉ែលគឺនៅតែខ្វះខាត។ យើងកំពុងស្វែងរកការផ្គត់ផ្គង់បន្ថែម រួមទាំងពីសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក»។ ឥណ្ឌូណេស៊ីសង្ឃឹមថាអាចបំពេញតម្រូវការប្រេងឆៅ និងឧស្ម័ន LPG ក្នុងស្រុកពីប្រភពផ្សេងៗបានគ្រប់គ្រាន់៕
