ការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលមន្ត្រីគយបានឃាត់ខ្លួនក្រុមព្រះសង្ឃចំនួន ២២អង្គ ដែលទើបតែធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ ក្នុងករណីពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
តាមរបាយការណ៍ពីសារព័ត៌មាន The Star មន្ត្រីជំនាញបានរកឃើញគ្រឿងញៀនប្រភេទកញ្ឆា (Kush) ទម្ងន់សរុបរហូតដល់ ១១០គីឡូក្រាម ដែលត្រូវបានលាក់ទុកយ៉ាងល្អិតល្អន់នៅក្នុងវ៉ាលីរបស់ព្រះសង្ឃទាំងអស់នោះ។ អ្នកនាំពាក្យមន្ត្រីគយស្រីលង្កាបានឲ្យដឹងថា ក្រុមព្រះសង្ឃទាំងនេះបានធ្វើដំណើរទៅសម្រាកលំហែកាយនៅទីក្រុងបាងកករយៈពេល ៤ថ្ងៃ ដោយមានអ្នកជំនួញម្នាក់ជាអ្នកចេញថ្លៃចំណាយទាំងអស់។
ល្បិចដែលក្រុមសង្ឃទាំងនោះប្រើប្រាស់គឺការធ្វើវ៉ាលីពីរជាន់ដើម្បីបង្កប់គ្រឿងញៀន ដោយក្នុងមួយអង្គៗស្ពាយគ្រឿងញៀនប្រហែល ៥គីឡូក្រាមជាប់នឹងខ្លួន។ ព្រះសង្ឃដែលជាប់ពាក់ព័ន្ធ ភាគច្រើនជាសមណសិស្សវ័យក្មេងមកពីវត្តអារាមផ្សេងៗគ្នាទូទាំងស្រីលង្កា។ បន្ទាប់ពីការបង្ក្រាប ក្រុមព្រះសង្ឃទាំងអស់ត្រូវបានបញ្ជូនទៅប៉ូលិស ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃដដែល។
ការចាប់ខ្លួននេះត្រូវបានចាត់ទុកជាការរឹបអូសគ្រឿងញៀនប្រភេទកញ្ឆា (Kush) ដ៏ធំបំផុតមិនធ្លាប់មាននៅព្រលានយន្តហោះអន្តរជាតិស្រីលង្កា។ កន្លងមកកាលពីឆ្នាំ២០២៥ ក៏មានករណីស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជិត ៥០គីឡូក្រាមនៅទីនេះដែរ ខណៈនាងធ្វើដំណើរមកពីទីក្រុងបាងកកដូចគ្នា។
បច្ចុប្បន្នអាជ្ញាធរស្រីលង្កាកំពុងរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីសង្កេតឃើញមានការលួចលាក់នាំចូលគ្រឿងញៀនតាមមធ្យោបាយផ្សេងៗ រួមមានការប្រើប្រាស់ទូកនេសាទតូចៗដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ហេតុការណ៍នេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយ និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការជ្រើសរើសផ្លូវខុសរបស់អ្នកបួសវ័យក្មេងទាំងនោះ។
