តម្លៃប្រេងស្ទុះជាង ២% ក្រោយការចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង ច្រកហ័រមូហ្សបិទខ្ទប់

តម្លៃប្រេងស្ទុះជាង ២% ក្រោយការចរចាអាមេរិក-អ៊ីរ៉ង់ជាប់គាំង ច្រកហ័រមូហ្សបិទខ្ទប់

តម្លៃប្រេងអន្តរជាតិបន្តស្ទុះឡើងជាង ២% នៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២៧ មេសា) នេះ ខណៈការចរចាស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវជាប់គាំង និងច្រកសមុទ្រហ័រមូហ្សនៅតែបិទខ្ទប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រូបភាពព័ត៌មាន

គិតត្រឹមម៉ោងជិត ៨ ព្រឹក នៅទីក្រុងហុងកុង តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ២,១៦ ដុល្លារ ឬ ២,០៥% ដល់ ១០៧,៤៩ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតតាំងពីថ្ងៃទី ៧ មេសា រីឯ WTI វិញកើនឡើង ១,៧៧ ដុល្លារ ឬ ១,៨៨% ដល់ ៩៦,១៧ ដុល្លារ/បារ៉ែល។

កាលពីសប្ដាហ៍មុន តម្លៃ Brent បានកើនឡើង ១៧% ខណៈ WTI កើនឡើង ១៣% ដែលជាកំណើនប្រចាំសប្ដាហ៍ខ្ពស់បំផុត ចាប់តាំងពីជម្លោះអ៊ីស្រាអែល-អាមេរិក-អ៊ីរ៉ង់ផ្ទុះឡើង។

គេឃើញថា កិច្ចប្រឹងប្រែងសន្តិភាពជាប់គាំង ក្រោយលោក ដូណាល់ ត្រាំ លុបចោលដំណើរទស្សនកិច្ចប្រេសិតអាមេរិកទៅប៉ាគីស្ថាន។ អ្នកវិភាគយល់ថា អ៊ីរ៉ង់កំពុងស្ថិតក្រោមសម្ពាធខ្លាំង ហើយអាចផ្អាកផលិតកម្មប្រេង ដោយសារគ្មានកន្លែងស្ដុក។

រូបភាពព័ត៌មាន

ភាពតានតឹងបន្តរំខានការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា ដោយការបិទច្រកហ័រមូហ្សពីអ៊ីរ៉ង់ និងការបិទចរាចរណ៍នៅកំពង់ផែអ៊ីរ៉ង់របស់អាមេរិក ធ្វើឱ្យលំហូរប្រេងកាត់តាមច្រកនេះត្រូវកាត់ផ្ដាច់។

រូបភាពព័ត៌មាន

ធនាគារ Goldman Sachs កាលពីថ្ងៃអាទិត្យ បានបង្កើនការព្យាករតម្លៃប្រេងត្រីមាសទី៤ ដល់ ៩០ ដុល្លារ/បារ៉ែល សម្រាប់ Brent និង ៨៣ ដុល្លារ/បារ៉ែលសម្រាប់ WTI ដោយព្រមានអំពីវិបត្តិផ្គត់ផ្គង់ និងតម្លៃប្រេងខ្ពស់ដែលអាចបង្កហានិភ័យសេដ្ឋកិច្ចទូលំទូលាយ។

administrator

Related Articles