ស្ថានទូតចិនប្រចាំថៃព្រមានពលរដ្ឋខ្លួនពីអន្ទាក់ការងារ-ទេសចរណ៍ឆ្លងដែន

ស្ថានទូតចិនប្រចាំថៃព្រមានពលរដ្ឋខ្លួនពីអន្ទាក់ការងារ-ទេសចរណ៍ឆ្លងដែន

ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសអាសន្ន ដោយក្រើនរំលឹកពលរដ្ឋចិនឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការលួងលោមឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃ ជាពិសេសតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

យោងតាម China Daily ការព្រមាននេះកើតឡើងបន្ទាប់ពីមានករណីជនជាតិចិនជាច្រើនត្រូវបានបោកបញ្ឆោតតាមរយៈការសន្យាផ្តល់ការងារប្រាក់ខែខ្ពស់ ឬកញ្ចប់ដំណើរកម្សាន្តទាក់ទាញ ប៉ុន្តែពិតជាអន្ទាក់នាំពួកគេទៅកាន់តំបន់គ្រោះថ្នាក់។

នៅពេលទៅដល់តំបន់ព្រំដែន ជនរងគ្រោះត្រូវបានបង្ខំឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ជាពិសេសការឆបោកតាមទូរសព្ទ និងអនឡាញ។ អ្វីដែលគួរឲ្យខ្លាចនោះគឺ មនុស្សមួយចំនួនបានរងគ្រោះដោយការបង្ខាំងទុក ការប្រើអំពើហិង្សា និងការឃុំខ្លួនដោយខុសច្បាប់ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសិទ្ធិសេរីភាពរបស់ពួកគេ។

ស្ថានទូតចិនបានអំពាវនាវដល់ពលរដ្ឋដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសថៃ ត្រូវស្វែងយល់ពីហានិភ័យទាំងនេះឲ្យបានច្បាស់ និងចេះការពារខ្លួនដើម្បីចៀសឆ្ងាយពីសកម្មភាពខុសច្បាប់។ ជាវិធានការការពារ ស្ថានទូតបានណែនាំថា កុំជឿទុកចិត្តលើព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម វីដេអូខ្លីៗ ឬសារតាមទូរសព្ទ ដែលសន្យាថាមានការងារស្រួលៗបានលុយច្រើន។

ក្នុងករណីមានអាសន្ន ស្ថានទូតណែនាំឲ្យពលរដ្ឋចិនតម្កល់សុវត្ថិភាពខ្លួនឯងជាចម្បង ហើយត្រូវទាក់ទងប៉ូលិសក្នុងតំបន់ ឬស្ថានទូតចិនប្រចាំប្រទេសថៃឲ្យបានឆាប់។ ស្ថានទូតក៏បានព្រមានថា រាល់សកម្មភាពឆបោកតាមបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងទៀត នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ចិន និងច្បាប់ប្រទេសពាក់ព័ន្ធផងដែរ៕

administrator

Related Articles