
អន្តរជាតិ ៖ ស្លាកសញ្ញា ‘ការលែងលះគ្នានៅលើភ្នំអាល់ផែន’ កំពុងផ្ទុះឡើងខ្លាំងលើ TikTok និង Instagram ក្រោយករណីរន្ធត់នៅអូទ្រីសដែលអ្នកឡើងភ្នំឈ្មោះ Thomas P. ត្រូវបានកាត់ទោសពីបទមនុស្សឃាត បន្ទាប់ពីគាត់បានទុកមិត្តស្រីឱ្យនៅម្នាក់ឯងលើភ្នំ Grossglockner ដែលជាភ្នំខ្ពស់បំផុតរបស់ប្រទេស រហូតនាងកកស្លាប់។
ព្រះរាជអាជ្ញាបានចោទថា Thomas P. មិនបានឆ្លើយតបការហៅទូរស័ព្ទពីសេវាជួយសង្គ្រោះ និងមិនបានផ្ញើសញ្ញាអាសន្នទាន់ពេល។ ក្នុងសវនាការ អតីតមិត្តស្រីម្នាក់បានផ្តល់សក្ខីកម្មថា គាត់ក៏ធ្លាប់បោះបង់នាងនៅលើភ្នំដដែលក្នុងឆ្នាំ 2023 ដោយសារតែគាត់ចាត់ទុកនាងយឺតពេក។

ស្ត្រីជាច្រើនបានចេញមកចែករំលែកបទពិសោធន៍ស្រដៀងគ្នាតាមអនឡាញ។ វីដេអូឃ្លីបមួយនៅលើ TikTok បង្ហាញស្ត្រីម្នាក់ឯកាក្នុងផ្លូវភ្នំដាច់ស្រយាល មានអ្នកចូលមើលជិត ៥ លានដង។
អ្នកចិត្តសាស្រ្ត Jo Hemmings ប្រាប់ CNN ថា ជនល្មើសច្រើនតែមានរបៀបភ្ជាប់ទំនាក់ទំនងបែបជៀសវាង ខ្វះការយល់ចិត្ត និងចូលចិត្តដកខ្លួនពេលមានជម្លោះ។ ការឡើងភ្នំបង្កើតឋានានុក្រមភ្លាមៗថាអ្នកណាដឹកនាំ និងអ្នកណាកំណត់ល្បឿន។ Hemmings បានថ្លែងថា “ការដើរទៅមុខ ហើយបដិសេធមិនព្រមសម្របខ្លួនអាចជាវិធីស្រទន់ដើម្បីអះអាងអំណាច ឬការគ្រប់គ្រង”។

គួរបញ្ជាក់ថា ពាក្យ ‘ការលែងលះគ្នានៅតំបន់អាល់ផែន’ មានប្រភពពីរឿងខ្លីឆ្នាំ 1893 ដោយអ្នកនិពន្ធ Robert Barr ស្តីពីប្តីដែលរៀបផែនការសម្លាប់ប្រពន្ធនៅភ្នំអាល់ស្វីស។ ទោះមិនមែនពាក្យផ្លូវច្បាប់ តែអ្នកជំនាញថាវាឆ្លុះបញ្ចាំងពីសក្ដានុភាពទំនាក់ទំនងដែលអាចកំណត់អត្តសញ្ញាណបាន៕
ប្រភព ៖ CNN
