ជប៉ុនរញ្ជួយម្តងទៀត! កម្រិត ៦.២រ៉ិចទ័រ វាយប្រហារកោះហុកកៃដូ តែគ្មានស៊ូណាមិ

ជប៉ុនរញ្ជួយម្តងទៀត! កម្រិត ៦.២រ៉ិចទ័រ វាយប្រហារកោះហុកកៃដូ តែគ្មានស៊ូណាមិ

ទើបស្ងប់បានប៉ុន្មានថ្ងៃ ឥឡូវប្រទេសជប៉ុន ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីទៀតហើយ ដោយលើកនេះក៏មានកម្រិតធ្ងន់ដែរ គឺ ៦.២រ៉ិចទ័រ។

រញ្ជួយដីជប៉ុន

តាមការផ្សាយរបស់ WION រញ្ជួយដីកើតឡើងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ វាយប្រហារភាគខាងត្បូងកោះហុកកៃដូ ជាមួយជម្រៅ ៨៣គីឡូម៉ែត្រ។

ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា រញ្ជួយដីនេះបង្កជាការរង្គើខ្លាំង ប៉ុន្តែមិនបណ្តាលឲ្យមានការព្រមានពីរលកយក្សស៊ូណាមិទេ។

ទន្ទឹមនោះ អាជ្ញាធរជប៉ុនកំពុងពិនិត្យមើលរបាយការណ៍នៃការខូចខាត និងវាយតម្លៃអំពីផលប៉ះពាល់ផ្សេងៗ។

គ្រោះធម្មជាតិនេះកើតឡើងមួយសប្តាហ៍ផង បន្ទាប់ពីការរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិ វាយប្រហារភាគខាងជើងប្រទេសជប៉ុន ឈានដល់ការប្រកាសអាសន្ន។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងចេញការព្រមានពិសេសអំពីហានិភ័យនៃគ្រោះរញ្ជួយដីមហិមា ដែលអាចមានកម្រិត ៨.០រ៉ិចទ័រ ឬលើសពីនេះទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

តាមការព្រមាននាពេលនោះ JMA ប្រកាសថា ស្ថានភាពពេលនេះខុសពីមុនហើយ! ដ្បិតលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីមហិមា ស្ថិតនៅកម្រិតទាបនៅឡើយក៏ដោយ ប៉ុន្តែវាបានកើនលើសស្ថានភាពធម្មតា ១០ដងហើយ។

ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុតនៅលើពិភពលោក ពីព្រោះស្ថិតនៅក្នុងតំបន់ដែលមានផ្លាកតិចតូនិកដ៏ស្មុគស្មាញបំផុត។ ក្នុងចំណោមផ្លាកតិចតូនិកធំៗរាប់សិបដែលបង្កើតបានជាផ្ទៃផែនដី គឺមានចំនួន ៤ ស្ថិតនៅក្នុងប្រទេសជប៉ុន។

ដោយសារទីតាំងស្ថិតនៅតាម «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ប្រទេសជប៉ុន តែងជួបប្រទះនូវគ្រោះរញ្ជួយដីប្រមាណ ២០% នៃរាល់គ្រោះរញ្ជួយដីដែលមានកម្រិតចាប់ពី ៦រ៉ិចទ័រឡើងទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles