ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា នេះថា កម្លាំងប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយខ្សែកាយ ស្របពេលដែលមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបនៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ចំនួន០២ទីតាំង ស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ជាលទ្ធផលភ្លាមៗ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០៣កញ្ចប់ រួមមាន៖
១. ឈ្មោះ សឿន សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់) ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់។
២. ឈ្មោះ ហ៊ួន រិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់) ដកហូតទូរស័ព្ទចំនួន០១គ្រឿង។

ក្រោយមកទៀត នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់បន្ថែមទៀត ដែលជាបក្សពួក នៅចំណុចភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ទៀតរួមមាន៖
៣. ឈ្មោះ ញ៉ាវ វឿន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់) ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។

បច្ចុប្បន្ននេះ កម្លាំងជំនាញបានបញ្ជូនខ្លួនជនត្រូវចោទទាំង៣នាក់ខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
