ហ៊ានលួចឆក់ទូរស័ព្ទនិស្សិត ត្រូវសមត្ថកិច្ចដេញចាប់បាន តែមន្ត្រីនគរបាលព្រហ្មទណ្ឌបាក់ជើងពេលប្រតិបត្តិការ

ហ៊ានលួចឆក់ទូរស័ព្ទនិស្សិត ត្រូវសមត្ថកិច្ចដេញចាប់បាន តែមន្ត្រីនគរបាលព្រហ្មទណ្ឌបាក់ជើងពេលប្រតិបត្តិការ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវ និង​ដេញឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទបានម្នាក់ កាលពីរសៀលថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង។ ខណៈនោះ លោកវរសេនីយ៍ត្រី ដេត ឧត្តម នាយផ្នែកព្រហ្មទណ្ឌ បានរងរបួសបាក់ជើងពេលដេញបង្ក្រាបជនសង្ស័យ។

ចាប់ខ្លួនជនសង្ស័យ

ជនសង្ស័យឈ្មោះ ញាណ ចាន់ណូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួលផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចឆក់យកទូរស័ព្ទដៃម៉ាក iPhone 16 Pro Max របស់និស្សិតស្រីឈ្មោះ ប៉ូលី ដានីត អាយុ២២ឆ្នាំ នៅផ្លូវម៉ុងរិទ្ធី ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី២១ ខែមេសា។ ក្រៅពីនេះ ជនសង្ស័យក៏ប្រើប្រាស់ម៉ូតូគ្មានឯកសារ និងស្លាកលេខមិនប្រក្រតីផងដែរ។

វត្ថុតាង

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅស៊េរី២០២៣ ពាក់ស្លាកលេខភ្នំពេញ JT-1313, មួកសុវត្ថិភាពពណ៌ខ្មៅ ០១ និង​ទូរស័ព្ទដៃ ០១គ្រឿងម៉ាក iPhone ពណ៌ស (របស់ជនសង្ស័យ)។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានដើម្បីសាកសួរ និង​កសាងសំណុំរឿង។

មន្ត្រីនគរបាលរងរបួស

គួរបញ្ជាក់ថា លោកវរសេនីយ៍ត្រី ដេត ឧត្តម បានរងរបួសបាក់ជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលដេញឃាត់ជនសង្ស័យ។ ក្រោយរងគ្រោះ លោកត្រូវបានថ្នាក់លើយកចិត្តទុកដាក់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​លោកជំទាវ ជា ស៊ីណា បានឧបត្ថម្ភថវិកា ៤,០០០,០០០រៀល ព្រមទាំងមានការឧបត្ថម្ភពីសប្បុរសជនផងដែរ។

administrator

Related Articles